សម្តេច ហ៊ុន សែន ៖ ល្បែង​មិនបាននាំ​មក​នូវ​ជោគជ័យ​ណាមួយ​សម្រាប់​ជីវិតផ្ទាល់ខ្លួន និង​ក្រុមគ្រួសារនោះទេ

ថ្លែង​ក្នុង​ឱកាស​ចូលរួម​ «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹក​ថ្ងៃទី២៩ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែលញៀនជាមួយ​ហ្នឹងល្បែង សូម​បញ្ឈប់ ដោយថា ល្បែង​មិន​បាន​នាំ​​មក​នូវ​ជោគជ័យ​ណាមួយ​នោះទេ។

បើតាម​ប្រសាសន៍​លើក​ឡើង​របស់សម្តេចតេជោ ត្រឹមតែរាជធានីភ្នំពេញមួយ និង​ខេត្ត​កណ្តាលមួយ សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្រ្កាបទីតាំង​ល្បែង​រហូត​ដល់ទៅ​ជាង​២ពាន់ទីតាំង ដែលជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

« សុំអង្វរប្រជាពលរដ្ឋឈប់លេងទៅ កូនត្រូវទៅរៀន ទុក​លុយ​ទិញសៀវភៅ​ឱ្យ​កូន ឬ​ក៏​ត្រូវ​បំប៉នសុខភាព ដោយសារ​លុយ​ដែល​យើងលេងរាល់ថ្ងៃ… ល្បែង​មិនបាននាំ​មក​នូវ​ជោគជ័យ​ណាមួយ​សម្រាប់​ជីវិតផ្ទាល់ខ្លួន និង​ក្រុមគ្រួសារនោះទេ…»

ជាមួយ​គ្នា​នេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានប្រាប់​ទៅ​ដល់​អាជ្ញាធរ ក៏​ដូចជាសមត្ថកិច្ច​ ត្រូវ​យកចិត្ត​ទុកដាក់បង្រ្កាបល្បែង​ស៊ីសងទាំងនោះ ដោយ​ធ្វើការ​ស្រាវជ្រាវ​ចាប់មេក្លោង​ធំតែម្តង ជាពិសេស​ល្បែង​កន្ទុយ​លេខ។

« មានតែការ​អប់រំតាមបែបសាសនា និង​ការ​អប់រំតាមផ្លូវរដ្ឋសម្រាប់បញ្ចៀសនូវ​អំពើទុច្ចរិត​ទាំងឡាយ, យើងធ្វើបាន ហើយ​ប្រជាជនសល់លុយ ព្រោះលុយអត់មាន​យកទៅចាញ់ល្បែង​អីទៀតផង… កម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗគ្នាទើបអាចធ្វើទៅបាន…»

ការ​បង្រ្កាប​ល្បែង​ស៊ីសងនេះ បើតាម​ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជា​ការ​អនុវត្ត​ដើម្បីភូមិឃុំមានសុវត្ថិភាព ហើយ​វិធីដែលល្អ គឺជំរុញការ​អនុវត្ត​បំបាត់ល្បែង​ស៊ីសងនៅតាមនៅតាមមូលដ្ឋាន ​បំបាត់ការជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន ដែល​វាជាធាតុផ្សំ​បំបាត់នូវ​ការ​ជួញដូរ​មនុស្ស​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របស់យើងងាចសន្សំបានប្រាក់កាស និង​មានសុខដុមរម្យនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close