ក្រសួងសាធារណការ ៖ សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត

ក្រសួងសាធារណការ និង​ដឹកជញ្ជូន នៅ​រសៀលថ្ងៃនេះ (២៩ កញ្ញា) បានបញ្ជាក់​ទៅ​ដល់​បងប្អូនប្រជាពលរដ្ឋ​ចូលរួមសហការ ក្នុង​ការ​គ្រប់គ្រង​សត្វពាហន ឬសត្វចិញ្ចឹមគ្រប់ប្រភេទ កុំ​ឱ្យ​ដើរ​ ឬ​ឆ្លងកាត់ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ជា​ដាច់ខាត។

ក្រសួងបានបញ្ជាក់ថា ករណីអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខូចខាតទ្រពសម្បត្តិ (យានយន្ត និងសត្វពាហនៈ…) ជាពិសេសបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃ បង្កឡើងដោយសត្វដែលខ្លួនបានកាន់កាប់(មាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧) ។

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។

ផ្លូវល្បឿនលឿននេះ មានរបងសុវត្ថិភាព ដែលការពារមិនឱ្យមានការឆ្លងកាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close