រថយន្តអភិបាលខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់នៅត្បូងឃ្មុំ

រថយន្តលុចស៊ីស ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2225 ដែល​គេស្គាល់ថា ជារថយន្ត​របស់អភិបាលខេត្តមណ្ឌលគិរី បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យមនុស្ស​ពីរនាក់ស្លាប់នៅនឹងកន្លែង ។ ករណីនេះ​ បានកើតឡើងនៅម៉ោងជាង​ ១២ថ្ងៃត្រង់​ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក​ ខេត្តត្បូងឃ្មុំ។ ចំណែករថយន្តបានធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត​ ។ ម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅនឹងកន្លែងកើតហេតុ​ និងឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ ស្លាប់នៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះ​ បើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close