សមយុទ្ធ​រួម​ប្រឆាំង​នាវាមុជទឹក នៅ​តំបន់​សមុទ្រ​កូរ៉េខាងត្បូង​

​នៅ​ថ្ងៃទី ២៩​ខែកញ្ញា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានប្រកាស​ឲ្យឹ​ង​ថា ប្រទេស​នេះ​នឹង​អាមេរិក ជប៉ុន នឹងធ្វើ​សមយុទ្ធ​រួម ដែលមាន​យុទ្ធសាស្ត្រ​ប្រឆាំង​នាវាមុជទឹក ។ សមយុទ្ធ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០​ខែកញ្ញា ដែលជា​លើកដំបូង​ក្រោយ​រយៈពេល​៥​ឆ្នាំ​។​

​តាម​សារព័ត៌មាន TTXVN ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានប្រកាសថា ការធ្វើ​សមយុទ្ធ​ឆ្នាំនេះ មានការ​ចូលរួម​ពី​នាវាចម្បាំង​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​នាវា Munmu ទំនើប​បំផុត​របស់​កូរ៉េខាងត្បូង ។ ចំណែក​អាមេរិក​វិញ​មាន​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ដឹកនាំ ដោយឡែក​ជប៉ុន​វិញ​មាន​នាវា​Asahi​។​

​នៅក្នុង​ព្រឹត្តិការណ៍ មួយ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នោះដែរ អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី Kamala Harris បានធ្វើ​ដំណើរ​ទៅដល់​កូរ៉េខាងត្បូង​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​របស់​ទីក្រុង​វ៉ាស៊ីនតោន ជាមួយ​ទីក្រុង​សេ​អ៊ូ​ល មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​។​

​លោកស្រី ហារី​ស ដែល​បានធ្វើ​ដំណើរ​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស អូ​សាន (Osan) ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ អតីត​នាយករដ្ឋមន្ត្រី​ជ​ប៉ុ ន លោក អា​បេ ស៊ីន​ហ្សូ គ្រោង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក យុល​។ មិនតែប៉ុណ្ណោះ បើតាម​ក្រុមមន្ត្រី​អាមេរិក លោកស្រី​អនុ​ប្រធានាធិបតី​អាមេរិក ក៏មាន​ផែនការ​បំពេញ​ទស្សនកិច្ច​ទៅកាន់​តំបន់​ព្រំដែន​គ្មាន​យោធា​រវាង​កូរ៉េ​ទាំង​២​ផងដែរ ខណៈដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្វើឱ្យ​កូរ៉េខាងជើង​ក្ដៅក្រហាយ​។​

​កូរ៉េខាងជើង បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​ផ្លោង​ចំនួន​២​គ្រាប់ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ហារី​ស ដោយ​មួយ​គ្រាប់​ត្រូវបាន​ធ្វើតេស្ដ​កាលពី​ថ្ងៃអាទិត្យ និង​មួយ​គ្រាប់​ទៀត​ត្រូវបាន​បាញ់​សាកល្បង​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close