អ៊ីរ៉ាក់អាចនឹងឈានជើងតាមគន្លងកាតារ សុបិនអាក្រក់របស់ OPEC?
លោក Michael Cohenប្រធានក្រុមស្រាវជ្រាវទីផ្សារថាមពលពិភពលោកបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNBCថា អ៊ីរ៉ាក់អាចនឹងដើរតាមគន្លងរបស់កាតារ បំផ្លាញកិច្ចព្រមព្រៀងរបស់អង្គការ OPEC ។
លោក Michael Cohenបានបញ្ជាក់ថា «ខ្ញុំគិតថា ប្រទេសជាសមាជិក OPEC មួយចំនួនទៀត អាចនឹងចាកចេញពីអង្គការនេះ ដោយសារតែច្បាប់តឹងតែងខ្លាំងពេក នៅក្នុងការកាត់បន្ថយ ការផលិតប្រេង ហើយក្នុងចំណោមប្រទេសសមាជិកអ៊ីរ៉ាក់ អាចនឹងដើរចេញ ក្រោយមើលឃើញថា មិនមានផលប្រយោជន៍អ្វីទាល់តែសោះ ពេលនៅជាសមាជិក OPEC»។
នៅក្នុងអង្គការ OPEC មានប្រទេសជាសមាជិក១៥ប្រទេស ហើយអ៊ីរ៉ាក់ជាប្រទេសឈរលំដាប់ទីពីរ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌិត ពីចំនួនប្រេងនាំចេញទៅក្រៅប្រទេស ។ អង្គការថាមពលអន្តរជាតិបានប្រកាសថា មានជាង៩០ភាគរយ នៃប្រាក់ចំណូលរបស់អ៊ីរ៉ាក់ បានមកពីការលក់ប្រេង ។ អ៊ីរ៉ាក់ផលិតបានប្រេងរហូតដល់ទៅ៤,៧៦ពាន់លានបារ៉ែល ក្នុងមួយថ្ងៃ គឺជាចំនួនច្រើនជាងគេបង្អស់ ។
មន្ត្រីថាមពលប្រេងរបស់អ៊ីរ៉ាក់ លោកThamir Ghadhbanបានបញ្ជាក់ថា ការនាំចេញប្រេង គឺជាគោលដៅសំខាន់បំផុតរបស់ប្រទេស ដែលមានពលរដ្ឋ៣៨លាននាក់ ។ ជាមួយគ្នានេះអ៊ីរ៉ាក់ មានគម្រោងផលិតប្រេងកើនឡើងរហូតដល់ទៅ៥លានបារ៉ែលក្នុងមួយថ្ងៃ នាពេលខាងមុខ ។
មន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា ត្រូវការប្រាក់១០០ពាន់លានដុល្លារអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោយការខូចខាតដោយសារសង្គ្រាម ។ ថាមពលប្រេង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះអ៊ីរ៉ាក់ មិនអាចកាត់បន្ថយការផលិតតាមគោលនយោបាយរបស់OPECឡើយ ។ ដូច្នេះ អ៊ីរ៉ាក់អាចនឹងដើរតាមគន្លងរបស់កាតារ ចាកចេញពីសមាជិក OPECដើម្បីផលិតប្រេងដោយសេរី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។