សមត្ថកិច្ច ដកហូត​បារី​ម៉ាក MEVIUS ២​កេស​ធំ លក់​នៅក្នុង​ផ្សារ​តាកែវ និង​នៅតាម​ផ្ទះ​លក់ទំនិញ​

​ខេត្តតាកែវ​៖ ក្រោយពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២​រួចមក ជាក់ស្ដែង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដឹកនាំ​ដោយ​លោក ប៊ុន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ផលិតផល​រំលោភសិទ្ធិ​ផ្ដាច់មុខ​រប​ស់​ក្រុមហ៊ុន​បារី MEVIUS នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​។​

​នៅក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រកឃើញ និង​ដកហូត​នូវ​ផលិតផល​បារី​ម៉ាក MEVIUS ចំនួន​ពីរ​កេស​ធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​តាកែវ និង​នៅតាម​ផ្ទះ​លក់ទំនិញ​។​

​ក្រោយពី​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដក​រួចហើយ ក៏បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទីតាំង​ដែល​បាន​ដាក់តាំង​លក់​ផលិតផល​បារី​នេះ ក្រោម​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close