ក្រុមហ៊ុន ទ្រី ភាព ទទួលបានសិទ្ធិអភិវឌ្ឍកោះត្បាល់
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៨ធំៗ លើទុនវិនិយោគសរុបជិត៩០លានដុល្លារអាម៉េរិក ដែលក្នុងនោះមានក្រុមហ៊ុន ទ្រី ភាព មួយដែលសម្បូរដោយរឿងអាស្រូវបំផ្លាញព្រៃឈើនៅប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ត្រូវបានអនុញ្ញាតិឲ្យអនុវត្តគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាម៉េរិក។
គម្រោងអភិវឌ្ឍន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា អាចបង្កើតការងារបានចំនួន១០៥កន្លែង។
សូមរំលឹកផងដែរថា ក្រៅពី កោះត្បាល់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តឱ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយ រីស៊តនេះ កាលពីឆ្នាំ ២០១៩កន្លងទៅ ក្រុមហ៊ុននេះ ក៏ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយនៅបច្ចុប្បន្ននេះកំពុងតែដំណើរការអភិវឌ្ឍន៍គម្រោងក្រុមហ៊ុនរបស់ខ្លួន ដែលមានបំណងបង្កើតទីក្រុងរណបថ្មីមួយនៅខេត្តកែប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។