ក្រសួង​វប្បធម៌ បើក​ដំណើរការ កម្មវិធី​បើក​មហោស្រព​ល្ខោនបាសាក់​ទូទាំងប្រទេស​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​»

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ បាន​បើក​ដំណើរការ កម្មវិធី​បើក​មហោស្រព​ល្ខោនបាសាក់​ទូទាំងប្រទេស​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​កម្មវិធី​នេះ ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២​ស្អែក​នេះ នៅ​រោង​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដោយមាន​វត្តមាន​រប​ស់​ក្រុម​សិល្បករ​ល្ខោនបាសាក់​ជាច្រើន ដែល​មកពី​បណ្តា​រាជធានី​-​ខេត្ត ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​របស់ខ្លួន​លើ​វិធីសាស្ត្រ​នៃ​ការដឹកនាំ​រឿង​, សិល្ប៍​វិធី​នៃ​ការតាក់តែង​និពន្ធ និង​សមត្ថភាព​នៃ​ការសម្តែង​។ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ថែរ​រក្សា ការពារ និង​លើកស្ទួយ​សិល្បៈ ល្ខោនបាសាក់ ដែលជា​មរតក​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​។

​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​យ៉ាង​ជិតស្និត និង​ឧបត្ថម្ភ​គាំទ្រ​កន្លងមក ដែល​នេះ​គឺជា​ការចូលរួម​យ៉ាងសកម្ម​ដើម្បី​ជួយ​គាំទ្រ លើកស្ទួយ វិស័យ​សិល្បៈ​ទស្សនីយភាព ពិសេស​ល្ខោនបាសាក់ ឱ្យ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​។

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បាន​បន្តថា «​ក្រោម​ការខិតខំ និង​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយមាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិកា ខ្ញុំ​សូម​ចាត់ទុកថា “​មហោស្រព​ល្ខោនបាសាក់​ទូទាំងប្រទេស​ឆ្នាំ​២០២២” នាពេលនេះ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​ការបញ្ចេញ​នូវ​សមត្ថភាព និង​ទេពកោសល្យ​របស់​ក្រុម​នីមួយៗ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​មួយ​ដ៏​សំខាន់​សម្រាប់​សិល្បករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ មានឱកាស​បាន​ជួបជុំគ្នា និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ​រវាង​គ្នា​និង​គ្នា​។

​បន្ថែម​អំពី​នេះ ខ្ញុំ​ជឿជាក់ថា នេះ​គឺ​វេទិកា​មួយ​ដ៏​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​ជូន​ទៅដល់​មហាជន​គ្រប់​ស្រទាប់​ថ្នាក់​បាន​ទស្សនា និង​ស្វែងយល់​បន្តិច​ម្តងៗ​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​យកចិត្តទុកដាក់ ថែរក្សា​ការពារ និង​លើកស្ទួយ​»​។​

​បើតាម​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ​សម្រាប់​ជា​ទិសដៅ​ការងារ​ទៅ​ថ្ងៃមុខ ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​វិស័យ​សិល្បៈ​ទស្សនីយភាព​នៅ​កម្ពុជា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​វប្បធម៌ ក្នុង​គោលបំណង​ថែរក្សា និង​លើកស្ទួយ​សិល្បៈ​ល្ខោនបាសាក់​។ ជាពិសេស ការបង្កើតឱ្យមាន​មហោស្រព ឬ​ព្រឹត្តិការណ៍​វប្បធម៌​នានា គឺជា​ការផ្សព្វផ្សាយ និង​ផ្តល់ឱកាស​ដល់​សហគម​ន៍ យុវជន យុវនារី ដើម្បី​ចូលរួម​ថែរក្សា ការពារ​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​របស់ខ្លួន ដូច​ពាក្យ​ថា «​កិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close