គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត បានសម្រេចការសាងសង់ប្រមាណ ៧០%ហើយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានគោលបំណងសំខាន់ៗចំនួន ០៣ រួមមាន៖
១- ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចការសាងសាង់ប្រមាណ ៧០% ដោយបានចូលរួមចំណែកជួយសម្រួលរំហូរទឹកបានយ៉ាងច្រើន បើប្រៀបធៀបស្ថានភាពកម្ពស់ទឹកស្ទឹងដូចគ្នាកាលពីឆ្នាំមុន ។
២ – ពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្នមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ,បើទោះជាយ៉ាងនេះក្តីក្រុមមន្ត្រីបច្ចេកទេសក្រសួង និងគ្រឿងចក្របានប្រចាំការត្រៀម តាំងពីខែសីហា ឆ្នាំ២០២២ មកម្លេះ ។
៣- ជាសំណូមពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់បងប្អូនប្រជាពលរដ្ឋយើងដែលមានលំនៅឋាននៅតាមបណ្តោយស្ទឹងក្នុងភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល មេត្តារក្សានូវទំហំ ឬ ច្រកមុខទឹកចាស់ ដើម្បីធានាដល់ការដោះទឹកឲ្យមានប្រសិទ្ធភាពទាន់ពេលវេលា បើពុំនោះទេរាជធានីភ្នំពេញនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ។
សូមជម្រាបថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ម៉ែត្រ (ស្មើកម្ពស់ទំនប់បង្ហៀរ)
– កម្ពស់ទឹកខាងក្រោយទ្វារ ៥,៤០ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,០០ម៉ែត្រ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣០ម៉ែត្រ ធៀបនឹងព្រឹកម្សិលមិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។