សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ប្រធានស្ដីទី ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ដែល​ដឹកនាំ​គណៈប្រតិភូ​កីឡា អញ្ជើញ​ចូលរួម​មហាសន្និបាត​នៅ​កម្ពុជា​

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ជាមួយនឹង ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នា​ព្រឹក​ថ្ងៃទី ៤ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្នុងឱកាស​ដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី លើក​ទី​៤១​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បាន​ជម្រាប​សម្តេច​តេ​ជោ​ថា លោក​ពិតជា​រីករាយ​ណាស់ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កីឡា អញ្ជើញ​ចូលរួម​មហាសន្និបាត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ជាមួយនឹង​មានការ​អភិវឌ្ឍ វិស័យ​កីឡា និង​មាន​ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ​យ៉ាង​ល្អ សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅពេល​ខាងមុខ​។ ឯកឧត្តម មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​សមត្ថភាព​កម្ពុជា ក្នុងការ​រៀបចំ​កិច្ច​ប្រកួត Sea Games នៅពេល​ខាងមុខ​ទទួលបាន​ជោគជ័យ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រធានស្ដីទី​ក្រុមប្រឹក្សា អូឡាំពិក​អាស៊ី នូវ​ការ​សម្គាល់ថា តំបន់​អាស៊ី​យើង ពិត​មែនមាន​ប្រជាជន​ច្រើន ក៏ប៉ុន្តែ​មិន​ប្រាកដថា មាន​ប្រជាជន​ពូកែៗ​សម្រាប់​ប្រកួត ទទួលបាន​ពានរង្វាន់​អូឡាំពិក​ពិភពលោក​នៅឡើយ​ទេ ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បន្តថា ទោះជា​យ៉ាងណា ការប្រកួត​យក​មេដៃ​ជា​កត្តា​មួយ កត្តា​មួយទៀត​ដែល​សំខាន់​ដែរនោះ គឺ​កត្តា​សីលធម៌​កីឡា​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានផ្ដល់​អនុសាសន៍​ឲ្យ​មានការ​ពិភាក្សា និង​ការប្រកាន់​ភ្ជាប់​ក្នុង​ការគោរព សីលធម៌​កីឡា​នៅពេល​ប្រកួត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close