អាជ្ញាធរមីន ស្នើសុំឲ្យ NPA កំណត់នីតិវិធីរំដោះផ្ទៃដី ឆ្ពោះទៅដល់ការបោសសម្អាតមីនឲ្យអស់ ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកជំនួយរបស់ប្រជាជនន័រវែស (NPA) ប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនប្រទេសន័រវែស ដែលបានឈរជាមួយកម្ពុជា រយៈពេល៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដោយចាប់ផ្តើមកម្មវិធីសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។ NPA ក៏ជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែងក្នុងការចូលរួមដល់ការងារបោសសម្អាតមីន/គ្រាប់បែកចង្កោម គាំទ្រដល់ការកសាងសមត្ថភាពដល់អាជ្ញាធរមីន ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
រយៈពេល ៣០ឆ្នាំនេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការប្រែប្រួលយ៉ាងខ្លាំងស្របនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយការស្រាវជ្រាវមិនបច្ចេកទេស (Land Release Non-Technical Survey_LRNTS) ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលប់បំបាត់ និងកាត់បន្ថយផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមិនបាច់ធ្វើការបោសសម្អាត និងអាចរំដោះផ្ទៃដីបានចាប់ពី ២៥% ដល់ ៣០%។
ឯកឧត្ដម បានស្នើសុំឲ្យ NPA បន្តពង្រីកបន្ថែមនូវក្រុម LRNTS ដើម្បីជួយពន្ល្រឿនដល់ការងារកាត់បន្ថយផ្ទៃដីមានមីន /គ្រាប់ឲ្យកាន់តែឆាប់។ ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យ NPA សហការជាមួយអាជ្ញាធរមីន រៀបចំកិច្ចប្រជុំស្តីពីគម្រោងការស្រាវជ្រាវមិនបច្ចេកទេស ជាមួយដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីកំណត់នីតិវិធីរំដោះផ្ទៃដីឆ្ពោះទៅដល់ការបោសសម្អាតមីនឲ្យអស់ឆ្នាំ២០២៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។