ការដ្ឋានបូមខ្សាច់មួយ​កន្លែង​នៅស្រុក​កណ្តាលស្ទឹង កំពុងធ្វើ​សកម្មភាព​ដោយ​គ្មានច្បាប់ ផ្គើនអាជ្ញាធរ និងក្រសួងរ៉ែ និងថាមពល

(កណ្តាល) ៖ អាជីវកម្មជីកកាយយកខ្សាច់មួយ​កន្លែង​ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ដែល​ត្រូវ​បាន​រដ្ឋបាលស្រុកកណ្តាលស្ទឹងចេញសេចក្តីជូនដំណឹងឱ្យ​ផ្អាកសកម្មភាព ដោយរង់ចាំលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលនោះ ពេលនេះ​នៅ​តែ​ដំណើរ​ការ​ ដោយ​កំពុង​តែផ្គើន​នឹង​អាជ្ញាធរ​។

បើយោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២២ បានប្រាប់​ទៅដល់​ម្ចាស់អាជីវកម្ម​ជីកអាចម៌ដីឈ្មោះ ឡាយ គួន ស្ថិត​នៅ​ភូមិ​ត្រស់ ឃុំទ្រា ស្រុក​កណ្តាល​ស្ទឹង ឱ្យ​ផ្អាកអាជីវកម្ម ព្រោះតែអាជ្ញាប័ណ្ណស្នើ​សុំ​អាជីវកម្ម​ នៅ​មិន​ទាន់ទទួល​បានការ​អនុញ្ញាត​ពីក្រសួងរ៉ែ និ​ងថាមពល​នៅ​ឡើយ ប៉ុន្តែ​មក​ទល់នឹងពេលនេះ ទីតាំង​ជីកយកអាចម៌ដីនោះ​នៅ​តែដំណើរ​ការ។

ចំពោះករណីនេះ លោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានថ្លែងថា ទង្វើបែបនេះគឺខុសនឹងច្បាប់ដោយធ្វើសកម្មភាពមិនទាន់មានលិខិតអនុញ្ញាតណាជាបទដ្ឋានត្រឹមត្រូវ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​អភិបាលស្រុក​មិន​បានប្រាប់ទេថា នឹង​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉េច​នោះទេ។

នៅថ្ងៃនេះ យើង​នៅ​មិន​ទាន់អាចទាក់ទងសុំ​ការ​បំភ្លឺពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កណ្តាល​បាន​នៅ​ឡើយទេ តែគេ​រំពឹងថា អាជ្ញាធរ​ពាក់ព័ន្ធនឹង​ចាត់វិធានការ​ចំពោះ​ទីតាំង​ជីកយកអាចម៌ដី​ដែល​គ្មាន​ច្បាប់នេះ ព្រោះ​ថា សកម្មភាពនេះ​កំពុង​ធ្វើ​ឱ្យ​ខូចខាត​ធនធាន​ក្រោមដី និង​​ក៏​កំពុង​តែ​បំបាត់​ចំណូលជាតិ ចូល​ទៅ​ក្នុង​ហោ​ប៉ៅ​ឯកជន​ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close