មនុស្ស១៣នាក់លង់ទឹកស្លាប់ និងពលរដ្ឋជាង៣០០គ្រួសារត្រូវជម្លៀសដោយសារជំនន់នៅខេត្តបន្ទាយមានជ័យ
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ គិតត្រឹមរសៀលថ្ងៃទី៤ ខែតុលា មានមនុស្សចំនួន១៣នាក់ហើយបានស្លាប់ដោយសារលង់ទឹក ខណៈពលរដ្ឋជាង៣០០គ្រួសារត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយស្ថានភាពទឹកជំនន់ បានហក់ឡើងខ្លាំងប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់មានចំនួន៣៤២គ្រួសារ ត្រូវបានជម្លៀសចេញ ដែលក្នុងនោះ បណ្ដាលឱ្យមានផលប៉ះពាល់មួយចំនួន រួមមាន៖ ទឹកលិចស្រូវមានផ្ទៃដី២៨ ២៤៦ហិកតា ដំឡូងមីលិចទឹកមានផ្ទៃដី១០៦៤ហិកតា ដំណាំរួមផ្សំមានផ្ទៃដី១០៧ហិកតា ជម្លៀសសត្វពាហនៈ ចំនួន២៦៦៧ក្បាល ទឹកលិចសាលារៀន៥១សាលា ទឹកលិចវត្តចំនួន១៧វត្ត ទឹកលិចផ្លូវចំនួន៣៥៥ខ្សែ ប្រវែង២១៨៧៧២ម៉ែត្រ។
បើតាមលោកអភិបាលខេត្ត ស្ថានភាពទឹកជំនន់ ដែលលិចខ្លាំងមាន ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដែលទឹកជំនន់ធ្លាក់ពីស្ពានតាម៉ុក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រីឯស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកធ្លាក់ពីផ្នែកខាងលើស្រុកបវេលខេត្តបាត់ដំបង។ ចំណែកឯក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកថ្មពួក ជាទឹកជំនន់ធ្លាក់ពីប្រទេសថៃ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមទីទួលសុវត្ថិភាព ស្បៀងអាហារ គ្រូពេទ្យ ទឹកស្អាត ហូបស្អាត និងបង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់រួចរាល់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។