ក្រសួងការបរទេស​ក​ម្ពុ​ជា​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង របស់​កូរ៉េ​ខាង​ជើង

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោងដែល​ធ្វើឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េនៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២ ដែលជា​ការរំលោភ​មួយទៀត​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ដែល​អាច​បង្កអោយមាន​ភា​ព​តានតឹង និង​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​៤ ខែតុលា​។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​រាល់សេចក្តី សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ហើយ​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រក្សា​ភាព​អត់ធ្មត់ និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការបន្ត​កិច្ចចរចា​៦​ភាគី​ឡើង​​វិញ ដែល​អាច​នាំមក​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៃ​ឧបទ្វីប​កូរ៉េ ដែល​ពេញលេញ អាច​ផ្ទៀងផ្ទាត់​បាន មិនអាច​វិលត្រឡប់​ថយក្រោយ និង​ដោយ​សន្តិវិធី​។​

គួររំលឹកថា កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែតុលាបាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម ហោះ​កាត់​លើ​ប្រទេស​ជប៉ុន​ជា​លើកដំបូង​នៅក្នុង​រយៈពេល​៥​ឆ្នាំ​។​ហេតុការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ជប៉ុន​ប្រកាសអាសន្ន សម្រាប់​ប្រជាពលរដ្ឋ​របស់​នៅ​ខេត្ត​ភាគ​ខាងជើង​ប្រទេស​ចំនួន​ពីរ​ដើម្បី​ជម្លៀស​ខ្លួន ទៅកាន់​ទី​មាន​សុវត្ថិភាព​។​ការបាញ់​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​ជាមួយ​ជប៉ុន​និង​កូរ៉េខាងត្បូងកាលពី ពេល​ថ្មីៗ​នេះ​។​

​បើតាម​ប្រភពពី​យោធា​កូរ៉េខាងជើង មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នេះ ត្រូវបាន​បាញ់​ចេញពី​តំបន់ Mupyong-ri នៅ​ផ្នែក​កណ្ដាល​កូរ៉េខាងជើង ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន នៅវេលា​ម៉ោង ៧:២២​ព្រឹក និង​បាន​ធ្លាក់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​២២​នាទី​ក្រោយមក​។​

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន លោក Hirokazu Matsuno បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង​នេះ ធ្លាក់​នៅក្នុង​ចម្ងាយ​៣,០០០​គីឡូម៉ែត្រ ភាគ​ខាងកើត​ប្រជុំ​កោះ​របស់​ជប៉ុន ដែល​បង្ខំ​ឱ្យ​ជប៉ុន​ត្រូវ​ជម្លៀស​ប្រជាជន​របស់ ខ្លួន​ចេញពី​តំបន់​ក្បែរ​នោះ​ជាបន្ទាន់ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​។​

​ការបាញ់​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ចុងក្រោយ​នេះ ធ្វើឡើង​ខណៈពេលដែល​កូរ៉េខាងត្បូង កំពុងតែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់ខ្លួន គឺ​សហរដ្ឋអាមេរិក និង​ជប៉ុន​។ បើតាម​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ មី​ស៊ី​ល​ដែល​បាញ់​ចេញ​នៅ​ថ្ងៃ​អង្គារ ដែល​បាន​ហោះ​លើ​អាកាស​ក្នុង​រយៈ​ចម្ងាយ​ជាង​៤,៥០០​គីឡូម៉ែត្រ​នេះ គឺជា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​ធ្វើដំណើរ​បាន​ឆ្ងាយ​បំផុត​នៅក្នុង​កំណត់ត្រា​នាពេល​កន្លងមក​។​

​នៅក្នុង​ឆ្នាំ​២០២២​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន​២៣​លើក​រួចមកហើយ ក្នុងនោះ​មាន​បួន​លើកធ្វើឡើង​ក្នុង​សប្ដាហ៍​មុន​។ ប៉ុន្តែ​ទើបតែ​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែតុលា​នេះ​ទេ​ដែល​បង្ខំ​ឱ្យ​ប្រទេស​ជប៉ុន​ចេញប្រកាស​ព្រមាន​ដល់​ប្រជាជន​របស់ខ្លួន​ឲ្យ​ជម្លៀស​ខ្លួន​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព​។​រដ្ឋាភិបាល​ជប៉ុន​ទទូច​ឱ្យ​ប្រជាជន​ដែល​រស់នៅ​ខេត្ត Aomori និង Hokkaido ព្រមទាំង​កោះ​មួយចំនួនទៀត​ស្ថិត​នៅក្បែរ​ទីក្រុង​តូ​ក្យូ ឱ្យចូល​លេណដ្ឋាន ឬ​រក​ទីតាំង​មាន​សុវត្ថិភាព​ដើម្បី​លាក់ខ្លួន​នៅពេលដែល​ជប៉ុន​ចាប់បាន​ពី​ផ្លូវ​ធ្វើដំណើរ​របស់​មី​ស៊ី​ល​កូរ៉េខាងជើង​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Hirokazu Matsuno បាន​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង និង​ចាត់ទុក​ទង្វើ​នេះ ថា​ជាការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់ និង​អន្ដរជាតិ​។​

​ដោយឡែករដ្ឋាភិបាល​កូរ៉េខាងត្បូង​វិញពុំបាន​ចាត់វិធានការ​បង្ការ​ដូច​ជប៉ុន​ទេ ប៉ុន្តែ​អ្នកនាំពាក្យ​យោធា​កូរ៉េខាងត្បូង​បញ្ជាក់ថា ខ្លួន​បាន​ពង្រឹង​ការឃ្លាំមើល ក៏ដូចជា​បង្កើន​ការប្រុងប្រយ័ត្នបន្ថែម ទៀត​ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​។ និង​ថា កូរ៉េខាងត្បូង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឆ្លើយតប​នឹង​ហេតុការណ៍​នេះដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ សម្ព័ន្ធមិត្ត​របស់ខ្លួនគឺ​សហរដ្ឋអាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close