អាជ្ញាធរខេត្តកំពង់ធំ សម្រេចលើកពេល កម្មវិធីអុំទូកដោយសារកម្ពស់ទឹកស្ទឹងសែន ហក់ឡើង
កម្មវិធីអុំទូកនៅខេត្តកំពង់ធំ ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី៩-១០ តុលា ត្រូវបានអាជ្ញាធរសម្រេចលើកពេលវិញ ដោយសារបច្ចុប្បន្ននេះ កម្ពស់ទឹកស្ទឹងសែន កំពុងហក់ឡើងគួរឲ្យបារម្ភ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យទូកមិនអាចអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះ ពិធីអុំទូកដែលគ្រោងរៀបចំឡើងនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលើកទៅពេលក្រោយទៅតាមស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្តថា ពិធីអុំទូកនេះ នឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឱ្យរៀបចំពិធីបាន ចំណែកឯកាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្តនឹងជូនដំណឹងជាថ្មី។
យ៉ាងណាក៏ដោយ បើតាមលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបញ្ជាក់ថា ពិធីបុណ្យអុំទូកនេះ អាជ្ញាធរខេត្តនឹងរៀបចំឡើងវិញនៅពេលដែលស្ថានភាពល្អប្រសើរ ពោលគឺនៅពេលដែលទឹកស្រកវិញ។ «ផុតខែក៏មិនអីដែរ! ឱ្យតែយើងមានលទ្ធភាព យើងអុំបាន ព្រោះយើងចង់ឱ្យប្រជាពលរដ្ឋយើងបានសប្បាយ ឱ្យបានភាពអ៊ូអរ..»។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ប៉ុន្តែអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានីខេត្តរៀងៗខ្លួនទៅតាមលទ្ធភាពជាក់ស្តែង។ សម្តេចតេជោ បានបញ្ជាក់ថា ការណ៍ដែលផ្អាកប្រារព្ធពិធីបុណ្យអុំទូក៣ឆ្នាំជាប់គ្នានេះ គឺដោយសារបារម្ភខ្លាចរាតត្បាតឆ្លងជំងឺកូវីដ-១៩ ជាសហគមន៍កាន់តែខ្លាំង ខណៈបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែរាលដាល។ រីឯទី២. គឺដោយសារតែថ្ងៃបុណ្យអុំទូកត្រូវចំថ្ងៃដែលកម្ពុជា មានភារកិច្ចដ៏ពិសេស ពោលគឺទទួលរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។