បង្ហាញមុខជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត ២គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ជិត២គីឡូក្រាម មុននឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារ័ត្ន នាយរងការិយាល័យក៥ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ដោយក្នុងនោះ គោលដៅទី១: នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។ និងគោលដៅទី២: នៅចំណុចតាមបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ។
ជាលទ្ធផលវិញ ឃាត់បានជនសង្ស័យ២នាក់ ទី១-ឈ្មោះ ម៉ាន់ វ័ន្ត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។ និងទី២-ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ ព្រមទាំងចាប់យកវត្ថុតាងបាន រួមមាន៖ កេតាមីន (KETAMINE) ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។