ពិភពលោកថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងមីស៊ីល របស់កូរ៉េខាងជើង
ប្រធានគណកម្មការអឺរ៉ុប Charles Michel បានថ្កោលទោសយ៉ាងខ្លាំអ ដល់ការបាញ់សាកល្បងកាំជ្រួមីស៊ីលល ថ្មីបំផុតហើយឆ្លងកាត់ប្រទេសជប៉ុន ។ ទន្ទឹមនឹងនោះលោកក៏បានប្រកាសថា សហគមន៍អឺរ៉ុប នឹងសាមគ្គីជាមួយ ជប៉ុននិងកូរ៉េខាងត្បូង ទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង ។
នៅថ្ងៃទី៤ខែតុលានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងដោយបានហោះឆ្លងកាត់ទឹកដីជប៉ុនជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំកន្លងមក ធ្វើឱ្យមន្ត្រីរដ្ឋាភិបាលជប៉ុនត្រូវប្រកាសអាសន្នដល់ពលរដ្ឋស្វែងរកកន្លែងលាក់ខ្លួន ក៏ដូចជាផ្អាកសកម្មភាពដឹកជញ្ជូនតាមរថភ្លើង។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានបញ្ជាក់ថា «សកម្មភាពរបស់កូរ៉េខាងជើងដែលបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នោះ ជាការគំរាមកំហែងដល់សន្តិសុខ របស់ជប៉ុននិងក្នុងតំបន់ទាំងមូល។ ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើងថាជារឿងមិនអាចទទួលយកបានឡើយ ។ រដ្ឋាភិបាលនឹងខិតខំប្រមូលព័ត៌មានពីគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងសកម្មភាពរបស់កូរ៉េខាងជើង។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋាភិបាលជប៉ុនបានព្រមានប្រជាជននៅក្នុងតំបន់ត្រូវរត់រកកន្លែងមានសុវត្ថិភាព ខណៈដែលមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ យោធាជប៉ុនមិនបានចាត់វិធានការ ឬប្រើប្រព័ន្ធការពារដែនអាកាសបំផ្លាញមីស៊ីលនេះឡើយ ដែលជាការបាញ់មីស៊ីលរំលងប្រទេសជប៉ុន លើកដំបូងបំផុតដោយកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៧មក។
មីស៊ីលផ្លោងដែលកូរ៉េខាងជើង បានបាញ់សាកល្បងនេះត្រូវបានយោធាជប៉ុនបញ្ជាក់ថា អាចហោះបានចម្ងាយ ៤,៦០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ១,០០០គីឡូម៉ែត្រ។ ចំណែកឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬ IRBM មួយគ្រាប់ ដោយបាញ់ចេញពីខេត្ត Jagang របស់កូរ៉េខាងជើងប្រាកដមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។