រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់ការបង្កើតសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា
ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ចំនួន១៧រូប នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ចំពោះសមាជិក សមាជិការបស់សមាគមដែលបានរួបរួមគ្នា រៀបចំបង្កើតសមាគមនេះឡើង ស្របទៅតាមច្បាប់ លក្ខន្តិកៈ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងក្លាយជារចនាសម្ព័ន្ធវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ នេះជាការចាប់ផ្តើមមួយដែលល្អ ដើម្បីស្វែងយល់ និងឈានទៅការពារផលប្រយោជន៍របស់សមាជិកខ្លួនផង និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតផង។
ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សមាគម ដែលកន្លងមកបានបរិច្ចាគថវិកាមួយចំនួនផ្តល់ជូនក្រសួងដើម្បីចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពថ្មីៗមួយចំនួនបន្ថែមទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន រួមមានការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៣ និងការដាក់ឲ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោមច្បាប់ស្តីពីការងារ។
លោក Cheng Chin Chun ប្រធានសមាគម បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានផ្តល់ការអនុញ្ញាតឲ្យខាងសមាគមបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនោះ ខាងសមាគម បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។
លោកបានលើកឡើងថា សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ហៅកាត់ថា ស.ក.ស.អ ត្រូវបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំងចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ជាមួយនឹងនេះ សមាគម បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។
ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជា ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូនដល់កម្មករនិយោជិត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ សន្តិភាព និងការអភិវឌ្ឍ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប បើគ្មានសន្តិភាព អស្ថេរភាពនយោបាយ នោះអ្នកវិនិយោគ គេក៏មិនហ៊ានចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្គ្រាមនោះដែរ។
ជាមួយនឹងសំណើចង់ចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រសហគ្រាស ផលិតផលស្បែកជើង និងកាបូប មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួមបង់ភាគទានទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោងILO-BFC និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបាន គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ មួយវិញទៀត បើសមាជិករបស់សមាគម ត្រូវការឲ្យក្រសួងជួយផ្តល់ប្រឹក្សាទៅលើច្បាប់ និងបទបញ្ញតិផ្សេងៗ ក្រសួងរីករាយនឹងជួយផ្តល់ជូនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។