មនុស្ស​ស្លាប់ ៤​នាក់ និង​ជាច្រើន​នាក់​ទៀត បាត់​ខ្លួន ករណី​រអិល​បាក់​ដី និង​ផ្ទាំង​ទឹកកក នៅ​ភ្នំ​ហិ​ម៉ាឡៃ​យ៉ា ប្រទេស​ឥណ្ឌា

​អ៊ុ​តា​រ៉ា​ខាន់​៖ សេចក្តីថ្លែងការណ៍​ពី​វិទ្យាស្ថាន​ឡើង​ភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស ៤​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ភ្នំ​ហិ​ម៉ាឡៃ​យ៉ា​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ក្រុម​អ្នក​ឡើង​ភ្នំ​ចំនួន ៤១ នាក់​ត្រូវបាន​វាយប្រហារ​ដោយ​ការ​រអិល​បាក់​ដី​ឬ និង​ផ្ទាំង​ទឹកកក ដែល​រអិល​ចុះ​ពីលើ​ភ្នំ កាលពី​ថ្ងៃទី ៤​ខែតុលា​។​

​យោងតាម​សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា ក្រុម​នេះ​មាន​សិក្ខាកាម​ឡើង​ភ្នំ​ចំនួន ៣៤​នាក់ និង​គ្រូបង្រៀន​ចំនួន ៧​នាក់ ត្រូវបាន​ដឹងថា ស្ថិតក្នុង​ហេតុការណ៍ ដែល​កើតឡើង នៅវេលា​ម៉ោង ៨៖៤៥​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់​។​

​វិទ្យាស្ថាន Nehru Mountaineering ដែលជា​សាលា​ឡើង​ភ្នំ ស្ថិតក្រោម​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា សាកសព​ចំនួន ៤ ត្រូវបាន​គេ​រកឃើញ ខណៈដែល​ក្រុមមន្ត្រី​មកពី​រដ្ឋ និង​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ និង​កងកម្លាំង​អាកាស​ឥណ្ឌា រុករក​តំបន់​នោះ​។

​មេ​នគរបាល​ប្រចាំ​រដ្ឋ អ៊ុ​តា​រ៉ា​ខាន់ (Uttarakhand) លោក Ashok Kumar បាន​ប្រាប់​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា “​កងទ័ពអាកាស​ឥណ្ឌា​កំពុងធ្វើការ​ត្រួតពិនិត្យ​ពីលើ​អាកាស​នៃ​ភ្នំ​ដែលជា​កន្លែង​ដែល​រឿងនេះ​បានកើត​ឡើង​។ វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ទៅដល់​កន្លែង​នោះ​” ។

​លោក Vishal Ranjan មន្ត្រី​អត្រានុកូលដ្ឋាន​នៃ​វិទ្យាស្ថាន​ឡើង​ភ្នំ​បានបញ្ជាក់​ពី​ការស្លាប់​ទាំង​បួន​នាក់ ហើយ​បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ “​ត្រូវបាន​បញ្ឈប់​នៅពេលនេះ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ព្រិល​ធ្លាក់​នៅក្នុង​តំបន់​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close