រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ឆ្នាំ​២០២១ មាន​ទឹកប្រាក់ ២៦​លាន​ដុល្លារ កើនឡើង​ជិត​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួង កីឡា​នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ក្នុងឱកាស​ដែល​ព្រះអង្គ​យាង​ចូលរួម ”​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី លើក​ទី​៤១” នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បាន​សម្តែង​ព្រះទ័យ​សប្បាយរីករាយ​ដែល​បាន​យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់​មាន​ព្រះរាជបន្ទូល​ថា បាន​ទត​ឃើញ​ពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត បានសម្រេច​ថា​នឹង​បើក​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត កីឡា អប់រំ និង​ស​ដ្ឋ​កិច្ច ពាណិជ្ជកម្ម​ជាដើម​ឲ្យ​មានការ​កើនឡើង​បន្ថែមទៀត​។​

​ព្រះអង្គម្ចាស់ មាន​ព្រះរាជបន្ទូល​ថា បន្ថែមថា ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត គ្រោង​ស្នើសុំ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០៣០ ដូច្នេះ​សង្ឃឹមថា ភាគី​កម្ពុជា​ផ្តល់​ការគាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានទូល​ថ្វាយ​ព្រះអង្គម្ចាស់ ថា​នឹង​ពាំនាំ​សំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។​

​ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្តែង​ការស្វាគមន៍​ដល់​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud និង​គណៈប្រតិភូ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ការយាងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុងឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើ ជា​ម្ចាស់ផ្ទះ​រៀបចំ ”​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​លើក​ទី​៤១” ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១-៤ ខែតុលា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា សម្តែង​ការអបអរសាទរ​ដែល​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត នឹង​បើក ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា និង​បានទូល​ថ្វាយ​អំពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត សម្រេចបាន​ប្រមាណ ២៦​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០២១ ដែល​កើនឡើង​ជិត ៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០ (​ទំហំ​ត្រឹមតែ​១៩​លាន​ដុល្លារ​អាម៉េរិក​)​។

​ក្នុងន័យនេះ ភាគី​កម្ពុជា​ស្នើ​ភាគី​អា​រ៉ា​ប៊ី​សា​អូឌីត ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទម្រង់​ជា​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​អាច​ប្រើ​ជា​ក្របខ័ណ្ឌ​គតិយុត្ត​សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម នាពេល​អនាគត​។ ជា​កិច្ច​ឆ្លើយតប​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បាន​អរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ឆ្លើយតប​តាម​សំណើ​របស់​ព្រះអង្គ និង​សន្យាថា នឹង​ពាំនាំ​សំណើ​របស់​ភាគី​របស់​ក​ម្ពុ​ជា​ទៅ​ជម្រាបជូន​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សូមបញ្ជាក់​ជូន​ថា​៖ ប្រទេស​ទាំងពីរ​សម្រេច​បាន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ទំហំ​ទឹកប្រាក់ ២៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១ កើនឡើង​ជិត​៤០% បើ​ធៀប​នឹង​ឆ្នាំ​២០២០ (​ត្រឹមតែ​១៩​លាន​ដុល្លារ​) ខណៈដែល​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ ១៥.៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ និង ១៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា​នាំចេញ​មុខទំនិញ​សំខាន់ៗ ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក និង​ផ្លែឈើ​។ កម្ពុជា​នាំចូល​មុខទំនិញ សំខាន់ៗ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត មានដូចជា ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈ​សំណង់ និង​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close