មន្ត្រី​បរិស្ថាន ១០០​នាក់ មកពី​ខេត្ត​ចំនួន​៣ ទទួលបាន​ការពង្រឹង​សមត្ថភាព ដើម្បី​ចូលរួម​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​កើតចេញពី​ផល​នៃ​បទល្មើស​ធនធានធម្មជាតិ​

​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២២ ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​របស់​ក្រសួងបរិស្ថាន​បាន​បន្ត​ចុះ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រីនគរបាល​យុត្តិធម៌​ដើម្បី​ចូលរួម​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​កើតចេញពី​ផល​នៃ​បទល្មើស​ធនធានធម្មជាតិ​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​ចំនួន​ប្រមាណ ១០០​នាក់​។

​ការបណ្តុះបណ្តាល​អំពី​គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ស៊ើបអង្កេត និង​រៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ពន្លាត​ចេញពី​បទល្មើស​ដើម​នៃ​បទល្មើស​ធនធានធម្មជាតិ​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ​ក្រសួងបរិស្ថាន និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់​ក្រសួងបរិស្ថាន​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ការបណ្តុះបណ្តាល នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​យន្តការ​និង​ប្រព័ន្ធ​ការងារ​អចិន្ត្រៃយ៍​របស់​ក្រសួងបរិស្ថាន​ក្នុងការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់​។ ឯកឧត្តម​បានលើកឡើង​ថា កិច្ចការ​ប្រឆាំង​ការសម្អាត​ប្រាក់​ជាការ​ងារ​ដ៏​សំខាន់​សម្រាប់ មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាមួយ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ មន្ត្រី​ជំនាញ​ក្នុង​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​របស់​ក្រសួងបរិស្ថាន បានធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​នីតិវិធី​ប្រតិបត្តិ​ស​ង្ត់​ដារ​សម្រាប់​អនុវត្ត​នៅក្នុង​ការប្រឆាំង​ការសម្អាត​ប្រាក់​។

​ឯកឧត្តម​នេត្រ ភក្ត្រា បាន​ជម្រាប​ថា មន្ត្រីនគរបាល​យុត្តិធម៌​នឹងត្រូវ​ពន្លាត​លើ​បទល្មើស​នៃ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក្នុងករណី​រកឃើញថា បទល្មើស​ដើម​នៃ​បទល្មើស​ព្រៃឈើ និង​បទ​ល្មើ​សត្វព្រៃ​ខុសច្បាប់​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close