សម្តេចតេជោ ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុនពីសំណាក់កូរ៉េខាងជើង ជាការគំរាមកំហែងសន្តិសុខក្នុងតំបន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់កាំជ្រួចមីស៊ីលឆ្លងប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិនមែនជាការលេងសើចនោះទេ ដោយបញ្ហានេះគឺបានកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខក្នុងតំបន់ក៏ដូចជាពិភពលោកនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានថ្កោលទោសរួចមកហើយទាក់ទងនឹងការបាញ់កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះកម្ពុជានៅតែប្រកាន់គោលជំហរបស់ខ្លួនដដែល។
នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។