ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សម្រេចបាន ៧០%
ត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោមគម្រោងសម្តេចតេជោ ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់។
ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅសេសសល់ក្រោយសង្គ្រាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ។
ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានពាំនាំនូវសេចក្តនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ផងដែរ។
ការចុះពិនិត្យ និងសំណេះសំណាលនេះ អមដំណើរដោយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំអាជ្ញាធរមីន ឯកឧត្តម សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌល NPMEC តំណាងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។