កូរ៉េខាងជើង បន្ត​បាញ់​មី​ស៊ី​ល​ផ្លោង ជាថ្មី​ម្តងទៀត​

​ព្យុងយ៉ាង​៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ចូលទៅក្នុង​សមុទ្រ នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុងទិសដៅ​របស់​ប្រទេស​ជប៉ុន បន្ទាប់ពី​ការវិលត្រឡប់​នៃ​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ទៅកាន់​តំបន់ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់​បង្ហោះ​នាពេល​ថ្មីៗ​នេះ របស់​កូរ៉េខាងជើង​។​

​ការបាញ់​មី​ស៊ី​ល​នេះ​គឺជា​លើក​ទី​ប្រាំមួយ ក្នុង​រយៈពេល ១២ ថ្ងៃ និង​ជា​លើកដំបូង​ចាប់តាំងពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម (IRBM) លើ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អង្គារ ដែល​បាន​ជំរុញឱ្យមាន​ការហ្វឹកហាត់​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ក្នុងអំឡុង​ពេលដែល​អាវុធ​មួយ​បាន​ធ្លាក់ និង​ឆេះ​។​

​ការបាញ់​បង្ហោះ​នេះ​ត្រូវបាន​រាយការណ៍​ដោយ​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង និង​រដ្ឋាភិបាល​ជប៉ុន​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នេះ​គឺជា​លើក​ទី​ប្រាំមួយ​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​គ្រាន់តែ​រាប់​ពី​ចុងខែ​កញ្ញា​”​។ “​នេះ​ពិតជា​មិនអាច​អត់ឱន​បាន​។​”

​ការបាញ់​បង្ហោះ​នេះ​បាន​ធ្វើឡើង​ប្រហែល​មួយ​ម៉ោង បន្ទាប់ពី​កូរ៉េខាងជើង​បាន​ថ្កោលទោស​សហរដ្ឋអាមេរិក​ចំពោះ​ការនិយាយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពី “​វិធានការ​ឆ្លើយតបរ​បស់​កងទ័ព​ប្រជាជន​កូរ៉េ​របស់​ទីក្រុង​ព្យុងយ៉ាង​ចំពោះ​សមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង​-​អាមេរិក​” ដោយ​លើកឡើងថា ការសាកល្បង​កាំជ្រួច​របស់ខ្លួន​គឺជា​ប្រតិកម្ម​ចំពោះ ចលនា​យោធា​សម្ព័ន្ធមិត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close