ទឹកស្ទឹងពោធិ៍សាត់ ឡើងជិតដល់កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន
មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ តុលានេះ ទឹកស្ទឹងពោធិ៍សាត់បានជន់ឡើងជិតដល់កម្រិតកម្ពស់ត្រូវប្រកាស ឱ្យមានការប្រុងប្រយ័ត្នហើយ គឺទឹកឡើងដល់កម្ពស់ ៤,៩៧ ម៉ែត្រ ខណៈទឹកស្ទឹងពោធិ៍សាត់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅកម្ពស់ ៥ ម៉ែត្រ ហើយបើទឹកឡើងដល់កម្ពស់ ៥,១០ ម៉ែត្រនោះ គឺចាប់ផ្តើមលិចក្រុង នៅកន្លែងខ្លះហើយ។
បើតាមមន្រ្តីដដែល នៅរសៀលនេះ ទឹកស្ទឹង បានឡើង ខ្ពស់ជាងផ្លូវ នៅសងខាងស្ទឹងហើយ តែមិនទាន់មានការលិចលង់ទេ ដោយសារមាន ខឿនសួនខ្ពស់ទប់ តែបើទឹកបន្តឡើង ដល់កម្ពស់ ៥,១០ ម៉ែត្រនោះ មានការលិចលង់ កន្លែងខ្លះហើយ។ ទឹកជំនន់ពេលនេះ ហូរមកពីស្ទឹងអារ៉ៃ និងស្ទឹងស្លុង តែមិនមានទឹក ជំនន់ មកពីស្ទឹងធំទេ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ ដែលបាន និងកំពុងកើតមាន នៅពេលនេះ មាននៅស្ទឹងពោធិសាត់ ស្ទឹងសែន ស្ទឹងស្រែង ស្ទឹងមង្គលបូរី ស្ទឹងសិរីសោភ័ណ និង ស្ទឹងសង្កែ។ ទឹកស្ទឹងសង្កែ បានស្រកមកនៅ ក្រោមកម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។