ហ្វីលីពីន កំពុងពិចារណាទិញឥន្ធនៈពីរុស្ស៊ី ដើម្បីបំពេញតម្រូវការក្នុងស្រុក

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស​ ជេអរ (Ferdinand Marcos Jr) បាននិយាយថា ប្រជាជាតិរបស់លោកប្រហែលជាត្រូវងាកទៅរកប្រទេសរុស្ស៊ី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន ចំពេលមានការកើនឡើងតម្លៃថាមពលសកល។ ខណៈ ប្រទេសដែលនាំចូលប្រេងពីរុស្ស៊ី កំពុងរកសម្ពាធពីសម្ព័ន្ធមិត្តលោកខាងលិច។

ថ្លែងទៅកាន់ក្លឹបសារព័ត៌មាន Manila Overseas Press លោក ម៉ាកូស ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថា ប្រទេសហ្វីលីពីនក៏អាចពិចារណាពិភាក្សាជាមួយរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ជីផងដែរ។ លោកបានបន្តថា៖«យើងទទួលយកទស្សនៈដែលមានតុល្យភាពបំផុត ពីព្រោះការពិតនៃបញ្ហាគឺ យើងប្រហែលជាត្រូវពិភាក្សាជាមួយរុស្ស៊ីសម្រាប់ឥន្ធនៈនិងជី»។

តាមពិតទៅ ប្រទេសហ្វីលីពីន ក៏ដូចជាប្រទេសជាច្រើនដែរដែលកំពុងប្រឈមមុខនឹងអតិផរណាកើនឡើង ដោយសាររតែបញ្ហាផ្គត់ផ្គង់ប្រេងដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ហ្វីលីពីន ដែលជា​សម្ព័ន្ធមិត្ត​ការពារជាតិ​របស់​អាម៉េរិក មិន​បាន​ដាក់​ទណ្ឌកម្ម​ណាមួយ​លើ​រុស្ស៊ី​ទេ។

លោក ម៉ាកូស ដែលជាកូនប្រុសនៃបុរសខ្លាំងដែលបានគ្រប់គ្រងប្រទេសហ្វីលីពីនអស់រយៈពេលពីរទសវត្សរ៍រូបនេះបាននិយាយផងដែរថា លោកចង់ឱ្យប្រទេសរបស់លោកដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ ចំពេលមានដែលការប្រកួតប្រជែងយ៉ាងតានតឹងដែលបង្កឡើងដោយបញ្ហាកូរ៉េខាងជើង និងចិន-តៃវ៉ាន់»។ លើសពីនោះ លោក​​​សង្ឃឹម​ថា ហ្វីលីពីន​នឹង​ក្លាយ​ជា​ប្រទេសមួយ​ដែលរួមចំណែកដល់ខិតខំប្រឹងប្រែង ដើម្បី​ស្វែងរកសន្តិភាពផងដែរ។

លោក ម៉ាកូស បានបន្ថែមទៀតថា លោកនឹងស្នើវិធីសាស្ដ្រថ្មីមួយទៀតចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងខែវិច្ឆិកា ដែលអាចចូលរួមជាមួយរដ្ឋាភិបាលយោធាដោយផ្ទាល់។ ជុំវិញបញ្ហានេះ លោក ម៉ាកូស បានលើកឡើងថា វាដល់ពេលដែលត្រូវសហការគ្នា ដើម្បីដាក់ចេញនូវសំណើជាក់ស្តែងមួយចំនួន លើអ្វីដែលយើងអាចធ្វើបានហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close