ករណីបាញ់សម្លាប់មនុស្សរង្គាលនៅប្រទេសថៃ ឃាតកបាញ់សម្លាប់មនុស្ស៣២នាក់នៅទារកដ្ឋាន រួចត្រឡប់ទៅផ្ទះបាញ់ប្រពន្ធ និងកូន មុនបាញ់សម្លាប់ខ្លួនឯង
កាលពីថ្ងៃម្សិលមិញ (៦ តុលា) នៅប្រទេសថៃ មានព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់បានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សចំនួន៣២នាក់ ដែលមានមនុស្សធំ និងកូនក្មេងនៅទារកដ្ឋានមួយកន្លែង ក្នុងខេត្ត Nong Bua Lamphu ភាគឥសាន្តប្រទេសថៃ មុននឹងត្រឡប់មកផ្ទះវិញ ហើយដុតរថយន្ត និងបាញ់សម្លាប់ប្រពន្ធ និងកូន មុនបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
បើតាមមន្រ្តីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ (Nong Bua Lamphu) ដំបូងឡើយ ខ្មាន់កាំភ្លើង បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ទើបបាញ់សម្លាប់ប្រពន្ធកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន រីឯអ្នកនៅក្នុងតំបន់ផ្ទាល់ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះជាមនុស្សញៀនថ្នាំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។