ក្រសួងទេសចរណ៍ បញ្ជាក់ថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ នឹងពិសេសជាងឆ្នាំមុនៗ
ភ្នំពេញ៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
បើតាមក្រសួងទេសចរណ៍ បុណ្យសមុទ្រឆ្នាំនេះគឺពិសេសជាងឆ្នាំមុនៗ ដោយកម្ពុជាយកឱកាសនេះជាការអបអរសាទរដែលឆ្នេរសមុទ្ររបស់ខ្លួនបានចូលជាសមាជិក «ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ក៏ដូចជាជំរុញលើកតម្លៃនិងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះដែរ កម្ពុជានឹងរៀបចំការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ។ ក៏មានរៀបចំដែរនូវមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិតផលទេសចរណ៍និងគោលដៅទេសចរណ៍នានា។ លើសពីនេះក៏មានរៀបចំនូវសកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។