ថៃ​៖ បាញ់សម្លាប់​មនុស្ស ៣៤​នាក់​នៅ​កុមារដ្ឋាន រួច​បាញ់សម្លាប់​ប្រពន្ធ​កូន​ហើយ​ធ្វើអត្តឃាត​

​ចំនួន​អ្នកស្លាប់​បាន​កើនឡើង ដល់​៣៤​នាក់​ក្នុងការ​បាញ់ប្រហារ​នៅ​កុមារដ្ឋាន​ស្ថិតក្នុង​ខេត្ត Nong Bua Lamphu ភាគ​ឦសាន​ប្រទេស​ថៃ នា​ថ្ងៃទី​៦​ខែតុលា​នេះ​។​

​លោក Archon Kraitong អ្នកនាំពាក្យ​កម្លាំង​ប៉ូលិស​ថៃ​បានឱ្យដឹងថា មាន​មនុស្ស​ស្លាប់​កើនឡើង ដល់​៣៤​នាក់ ក្នុងនោះ​មាន​កុមារ​២២​នាក់​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បានឱ្យដឹង​ដែរ​ថា រដ្ឋាភិបាល​បានស្នើ​ដល់​កងកម្លាំង​ចាត់វិធានការ​តាម​ចាប់​ជនដៃដល់​ឱ្យបាន​។​

​សារព័ត៌មាន Khaosod បាន​ដកស្រង់​សម្តី​មន្ត្រី​ថៃ​ដែល​បានឱ្យដឹងថា ជនដៃដល់​បានគេច​ខ្លួន​តាម​រថយន្ត​ម៉ាក Toyota Vigo ពណ៌ ស មាន​ពាក់​ស្លាក​លេខ Bangkok​។​

​ចំណែក​សារព័ត៌មាន Thaiger បាន​ផ្សាយ​ថា ជនដៃដល់​មានឈ្មោះ Panya Khamrap អាយុ​៣៤​ឆ្នាំ ត្រូវបាន​ដកចេញ​ពី​ក្របខ័ណ្ឌ​ប៉ូលិស​ដោយសារតែ​ប្រើប្រាស់​គ្រឿងញៀន​។​

​ចំណែក​សារព័ត៌មាន​រ៉​យ​ទ័​រវិ​ញ បាន​ផ្សាយ​ថា ក្រោយពេល​ជនដៃដល់​បាញ់ប្រហារ​ស​ម្លា​ប់​មនុស្ស​ជាច្រើន​រួចមក ក៏​បានមក​ផ្ទះ​សម្លាប់​ប្រពន្ធ​និង​កូន រួច​ធ្វើអត្តឃាត ខ្លួនឯង​។​

​នៅពេល​នេះដែរ អាណាព្យាបាល​សិស្ស​ជាច្រើន​បានមក​ជួបជុំ​នៅមុខ​កុមារដ្ឋាន ដោយ​ស្រែកយំ​យ៉ាងខ្លាំង ទាំង​ក្តី​អស់សង្ឃឹម ។​

​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ក៏មាន​ករណី​បាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រទេស​ថៃ​ដែរ បង្កឡើង​ដោយ​ទាហាន​ម្នាក់​ឈ្មោះ Jakrapanth Thomma ក្រោយពេល​បាញ់សម្លាប់​មេ​របស់ខ្លួន ក៏​បន្តទៅ​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​បណ្តាលឱ្យមាន​អ្នកស្លាប់​ជាច្រើន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close