ខ្លោងទ្វារ​តា​កាវ នឹង​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយទៀត បន្ទាប់ពី​ការជួសជុល​រួចរាល់​

​ខ្លោងទ្វារ​តា​កាវ ស្ថិតនៅ​ទិស​ខាងលិច​នៃ​ក្រុង​អង្គរធំ ដែល​ធ្លាប់​តែមាន​ភាព​ទ្រុឌទ្រោម​ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម កង្វះ​ការថែទាំ ដំរី​ទាំង​៤​ជ្រុង​បាន​រង​នូវ​ការខូចខាត​ជាខ្លាំង ដោយសារ​ដើមឈើ និង​ឬ​ស​ឈើ​ដុះ​ចាក់​ចូល​រចនា​សម្ពន្ធ បណ្តាលឱ្យ​រចនា​សម្ពន្ធ​របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ពិសេស កំពូល​ខ្លោងទ្វារ​ដែលមាន​មុខព្រហ្ម​ទាំង​បួន​ទិស រួមទាំង​សំណង់​ជាប់​សងខាង​នៃ​ខ្លោងទ្វារ ថ្ម​បាន​ក្រៀក រំកិល​ចេញពី​ទីតាំង​ដើម​ដោយ​អន្លើ ថ្ម​មួយចំនួន​បាន​ជ្រុះ​ធ្លាក់​មកក្រោម​ផង ដែល​ទាមទារ​ឱ្យមាន​ការ​ទល់​ទ្រ​បណ្តោះអាសន្ន​ជា​ចាំបាច់ និង​បាន​ប្រើ​ខ្សែកាប​រឹត​ផង អស់​រយៈពេល​ជាង​១០​ឆ្នាំ នៅតែមាន​ហានិភ័យ​ខ្ពស់​ដោយសារ​ឈើ​ទ្រនល់​ពុកផុយ កាប​ធូររលុង ឬ​ស​ឈើ​ដុះ​ឬ​ស​ជ្រែក​ហែក​កាន់តែ​ធំ​ឡើង ឥឡូវ​បាន​វិលត្រឡប់​ទៅរក​ភាពល្អ​ស្អាត រឹងមាំ និង​មាន​សោភ័ណភាព​ពេញលេញ​វិញ​ហើយ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​បាន​ចំណាយ​អស់​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ដើម្បី​ជួសជុល​។

​បច្ចុប្បន្ននេះ ខ្លោងទ្វារ​តា​កាវ​ទាំងមូល​បាន​សង្គ្រោះ​ឱ្យ​រួច​ផុតពី​ហានិភ័យ​ផ្សេងៗ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន តាមរយៈ​លោកជំទាវ​ឧកញ៉ា​នាងវិសាខា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង (​អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​) ធ្វើការ​ជួសជុល ដើម្បី​លើក​តម្លៃ​ឱ្យ​ខ្លោងទ្វារ​នេះ នៅ​ឈរ​រឹងមាំ ជា​ខ្លោងទ្វារ​ការពារ​ក្រុង​អង្គរធំ​។ កំពូល​ខ្លោងទ្វារ​ដែលមាន​ព្រះភ័ក្ត្រ​ទាំង​បួន​ទិស ដែល​ធ្លាប់តែ​បាត់បង់​ផ្នែក​ខ្លះ​ជា​យូរ​មកហើយ ត្រូវបាន​ជួសជុល​ទៅតាម​លក្ខណៈ​ដើម​ឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និង​ផ្នែក​ផ្សេងៗ​បាន​រៀបបញ្ចូល​ទីតាំង​ដើម​វិញ ធ្វើឱ្យ​ព្រះភ័ក្ត្រ​ញញឹម​រស់​រវើក​ឡើងវិញ ហើយ​រូប​ដំរី​នៅតាម​ជ្រុង​ទាំង​បួន​បាន​លេច​រូបរាង​ឈរ​ឡើងវិញ ហាក់​កំពុង​ជួយ​ទប់​លំនឹង​រចនា​សម្ពន្ធ​ខ្លោងទ្វារ​ទាំងមូល​ផង​។​

​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ជួសជុល​ខ្លោងទ្វារ​តា​កាវ ភាគ​ខាងលិច​នៃ​ក្រុង​អង្គរធំ​នេះ តាំងតែ​ពី​ចុងខែ​កុម្ភ​: ឆ្នាំ​២០២១ ហើយ​រហូតមកដល់​អំឡុង​ខែតុលា ឆ្នាំ​២០២២​នេះ គឺ​បានសម្រេច​ប្រមាណ​៩៧​ភាគរយ​ហើយ ដោយនៅ​សេសសល់​តែ​ការកែសម្រួល​ថ្មភក់​ថ្មី ដែល​បាន​ជំនួស​ថ្ម​ចាស់​ដែល​បាត់បង់​ឬ​ខូចគុណភាព​។ បច្ចុប្បន្ន​ក្រុមការងារ​កំពុង​មមាញឹក​ក្នុងការ​រុះរើ​រន្ទារ​ចេញ​ជា​បណ្តើរៗ ហើយនឹង​បញ្ចប់​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ខ្លោងទ្វារ​តា​កាវ គឺជា​ខ្លោងទ្វារ​មួយ​ក្នុងចំណោម​ខ្លោងទ្វារ​ចេញចូល​ទាំង​៥ នៃ​ក្រុង​អង្គរធំ ដែល​ស្ថិតនៅ​ទិស​ខាងលិច នៃ​ប្រាសាទបាយ័ន​។ ក្រោយពី​បញ្ចប់​ការជួសជុល​ទាំងស្រុង ខ្លោងទ្វារ​នេះ នឹង​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យទៅ​ទស្សនា និង​ផ្តិត​យក​រូបភាព​មួយផ្នែក​ទៀត​នៃ​ទិសដៅ​ទេសចរណ៍​ថ្មី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close