នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាញ់សម្លាប់ខ្លួនឯង ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ
(សៀមរាប) ៖ លោក សេង វុទ្ធី ដែលគេដឹងថា ជាមន្រ្តីនគរបាល ឋាន:នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅក្នុងផ្ទះស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
បើតាមការបំភ្លឺរបស់ឈ្មោះ សេង សំអាន ភេទប្រុស អាយុ ៦៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សាកសពថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី ជាមនុស្សចូលចិត្តលេងសើចច្រើន ពុំមានជំងឺផ្លូវចិត្ត ឬរោគប្រចាំកាយអ្វីនោះទេ។ ប៉ុន្តែសពតែងតែមានទំនាស់ជាប្រពន្ធជាញឹកញាប់ ដោយគេចូលចិត្តដើរផឹកស៊ីជាប្រចាំ។ដោយឡែកនៅយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មិនដឹងថាឈ្មោះ សេង វុទ្ធី ផឹកស្រវឹងឬអត់នោះទេ ស្រាប់តែនៅវេលាម៉ោង២៤:១៥នាទី រូបគាត់ទទួលព័ត៌មានពីអ្នករស់នៅជាប់ផ្ទះកូនថា កូនរបស់គាត់ឈ្មោះ សេង វុទ្ធី បានយកអាវុធខ្លី ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាញ់ត្រង់ក្បាលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ។
លោក ម៉ីច័ន្ន មុន្នីរតនា ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលជាអ្នករស់នៅជិតខាងនិងជនរគ្រោះបាននិយាយថា កន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធជាញឹកញាប់ ដោយសារប្រពន្ធប្រច័ណ្ឌរឿងប្តីដើរផឹកស៊ីដល់យប់ជ្រៅពេក។ នៅយប់ថ្ងៃកើតហេតុនោះ ឈ្មោះ តាំង សៀវម៉ី ត្រូវជាប្រពន្ធជនរងគ្រោះបានមកគោះទ្វាផ្ទះហៅរូបគាត់ឲ្យជួយប្តីរបស់គាត់ ហើយពេលទៅដល់កន្លែងកើតហេតុក្នុងផ្ទះជនរងគ្រោះ ឃើញសពដេកក្នុងថ្លុកឈាម ក្បាលបែរទៅទិសខាងកើត ភ្លាមនោះគាត់ក៏នាំគ្នាលើកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែគេមិនទទួលទើបក្រុមគ្រួសារជនរងគ្រោះបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លុះដល់ម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ប្រពន្ធជនរងគ្រោះបានបញ្ជាក់តាមទូរស័ព្ទថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
យ៉ាងណាក៏ដោយបើតាមសមត្ថកិច្ច ក្រោយពីចុះពិនិត្យកន្លែងកើតហេតុ គេបានរកឃើញវត្ថុតាងរួមមាន អាវុធខ្លី ចំនួន ១ដើម ម៉ាក Glock 9x19MM ផលិតនៅប្រទេសអូទ្រីស (Austria), បង់ចំនួន១, គ្រាប់ចំនួន១១គ្រាប់, ក្បាលគ្រាប់ចំនួន១ និងសំបកគ្រាប់ចំនួន១ ។
ផ្អែកតាម ការស្តាប់បំភ្លឺសាច់ញាតិសព, សាក្សីអ្នកជួយសង្រ្គោះ, រូបថតជនរងគ្រោះដែលទទួលបានពីសាច់ញាតិ និងយោងតាម វត្ថុតាងដែលចាប់បានពីកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួនឯង)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។