ឯកឧត្តម គន់ គីម ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រៀម​ផ្តល់​ពូជស្រូវ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ស្តារ​និង​សង្គ្រោះ​ឡើងវិញ​ឱ្យទាន់​ពេលវេលា

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២២ លោក លី សំរិទ្ធ អភិបាលខេត្ត​ស្តីទី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រោះមហន្តរាយ​ក្នុង​ខេត្តសៀមរាប​ក្រោម​អធិបតីភាព​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ ជា​អនុប្រធាន​ទី​១ គណៈកម្មាធិកា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​មានការ​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត ព្រមទាំង​លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។

​លោក អភិបាលខេត្ត​ស្តីទី​បាន​រាយការណ៍​អំពី​ភូមិសាស្ត្រ​ដែល​រង​ផលប៉ះពាល់​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២២ បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៥ ២១៣​គ្រួសារ ភូមិ​ចំនួន ៣២៥​ភូមិ ឃុំ​ចំនួន​៦៣ នៃ​ស្រុក​ចំនួន​៩ រួមមាន ស្រុក​ស្រីស្នំ ស្រុក​ក្រឡាញ់ ស្រុក​ជីក្រែង ស្រុក​អង្គរជុំ ស្រុក​វ៉ារិន ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​អង្គរធំ​។ ជាមួយគ្នានេះ ក៏​ធ្វើឱ្យមាន​ការខូចខាត ស្រូវពង្រោះ​ចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ​ក្នុងនោះ ខូចខាត​ស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារ​ប៉ះពាល់​ដំឡូង​មី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះ​ខូចខាត ដំឡូង​មី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិច​បរិវេណ​ផ្ទះ​កម្រិត​ស្រាល ៦ ៨០២​ខ្នង និង​កម្រិតធ្ងន់ ២៩​ខ្នង ព្រមទាំង​លិច​ផ្លូវ​ប្រវែង​សរុប ១៧៧ ៤៧០​ម៉ែត្រ និង​ខូចខាត​ដីស ក្រហម ប្រវែង ៥ ២៧០​ម៉ែត្រ​លិច​ខ្នង​ទំនប់​,​ខ្នង​ប្រឡាយ ប្រវែង ២១ ៣២៧​ម៉ែត្រ និង​ខូចខាត​ប្រវែង ៩៥​ម៉ែត្រ លិច​ស្ពាន ០៣​កន្លែង និង​ខូចខាត​ប្រវែង ១៦​ម៉ែត្រ លិច​ទីធ្លា​សាលារៀន ៨១​កន្លែង លិច​បរិវេណ​មណ្ឌល​សុខភាព ០៦​កន្លែង អាគារ​រដ្ឋបាល​ឃុំ​, ប៉ុស្តិ៍​រដ្ឋបាល ២១​កន្លែង លិច​បរិវេណ​វត្ត ១៨​កន្លែង លិច​ក្នុង​ផ្សារ ០២​កន្លែង​។

​លោក អភិបាលខេត្ត​ស្តីទី បាន​បន្តថា កន្លងមក​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ណែនាំ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ មាន​វិធានការ​ឆ្លើយតប​មួយចំនួន​ឱ្យបាន​ទាន់ពេលវេលា​ដោយ​ផ្តល់​អំណោយ​របស់​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និ​តី​សម្បទា​បាន​ចំនួន ៤ ៣៦២​គ្រួសារ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​ត្រៀម​ស្តារឡើងវិញ​នូវ​ផ្ទៃ​ចំនួន ១ ៤៦៦​ហិច​តា​។​

​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​អា​ជ្ញ​ធរ​ក្រុង ស្រុក​ដែល​រង​ផលប៉ះពាល់​ត្រូវ​ត្រួតពិនិត្យ​ផលប៉ះពាល់​ឡើងវិញ ពិសេស​ស្រុក​ក្រឡាញ់ ស្រុក​ស្រីស្នំ​និង​ស្រុក​ពួក​ដែល​រងគ្រោះ​ខ្លាំងជាងគេ​។ ​ឯកឧត្តម​ក៏បាន​ជំរុញ​ដល់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ស្នើសុំ​ពូជស្រូវ​បន្ថែម​ពី​ក្រសួង ដើម្បី​ធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក្នុងការ​ស្តារឡើងវិញ​ឱ្យទាន់​ពេលវេលា​។ ជាមួយគ្នា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក៏ត្រូវ​វាយតម្លៃ​នៃ​ការខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ដើម្បី​លើក​ផែនការ​ជួសជុល​ឡើងវិញ​បន្ទាប់ពី​ស្ថានភាព​ល្អប្រសើរ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close