រដ្ឋមន្ត្រីក្រសួង​អប់រំ ណែនាំ​ដល់​ក្រុម FIRST Global មុន​ចេញទៅ​ប្រកួត​កម្មវិធី​ប្រកួត 2022 FIRST Global Challenge

​ភ្នំពេញ​៖ នា​ចុង​សប្តាហ៍​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យ​ក្រុម FIRST Global Team Cambodia តំណាង​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ផ្ដល់​អនុសាសន៍​មួយចំនួន មុននឹង​ពួកគេ​ចេញទៅ​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត FIRST Global Challenge 2022 ដែលជា​ប្រភេទ​ការប្រកួត​រ៉ូ​បូត​បែប​អូឡាំពិក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ជាមួយនឹង​បណ្ដា​ប្រទេស​ជាង ១៨០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ​។ ​គួរបញ្ជាក់​ឱ្យដឹងថា​នេះ​គឺជា​ការចូលរួម​ប្រកួត​លើក​ទី​៥ របស់​ប្រទេស​កម្ពុជា​។

​ក្រុម FIRST Global Team Cambodia ដែល​នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​មាន​សមាជិក ៥​នាក់ និង​គ្រូបង្វឹក ២​នាក់ មកពី​សាលា​អ៊ី​ធូ​ស្ទេ​ម E2STEM​។ ប្រធានបទ​នៃ​ការប្រកួត​កម្មវិធី FIRST Global Challenge 2022 គឺ Carbon Capture មានន័យថា “​ដំណើរការ​នៃ​ការចាប់យក​កាបូនឌីអុកស៊ីត​ដែលមាន​នៅក្នុង​ស្រទាប់​បរិយាកាស ដើម្បី​ស្តុក​ទុក​ក្រោម​ទម្រង់​ណាមួយ​”​។ ក្នុងជំនួប​នេះ​ក្រុម FIRST Global Team Cambodia បានបង្ហាញ​អំពី​សមិទ្ធផល​រយៈពេល​បី​ខែ​កន្លងមក ដែល​ពួកគេ​បាន​ចាប់ដៃ​រួមគ្នា​ជា​ក្រុម​ដើម្បី​ត្រៀមខ្លួន​ទៅ​ប្រកួត​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

​ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ការ​ខិត​ប្រឹងប្រែង​សិក្សា​របស់​ក្រុម FIRST Global Team Cambodia និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​បន្ត​ការសិក្សា​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ថ្មី រួមទាំង​ជំនាញ​មនុស្ស​យន្ត កូដ និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។ បន្ថែម​ពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឱ្យ​ពួកគេ​បន្ត​សិក្សា​ជំនាញ​ទន់​ដូចជា ការ​ត្រិះរិះ​ពិចារណា ភាពជា​អ្នកដឹកនាំ ភាព​អាច​បត់បែន​បាន​តាម​កាលៈទេសៈ ការធ្វើការងារ​ជា​ក្រុម ចំណេះដឹង​ទាក់ទង​ទៅនឹង​សង្គម របៀប​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាដើម ដើម្បី​ចាប់យក​ការងារ​ជា​អាជីព​របស់​ពួកគេ​នាពេល​អនាគត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close