ឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញនិវត្តមកដល់កម្ពុជាវិញ ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញនិវត្តវិលត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Ubud ខេត្តបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី TELMIN លើកទី១៧ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងបានបូកសរុបនូវសមិទ្ធផលដែលបានសម្រេចបាននៅក្នុងឆ្នាំ២០១៧កន្លងមក និងបានផ្ទេរជូនឯកឧត្តម Rudiantara រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធាន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) ។ អង្គប្រជុំបានអនុម័តនូវរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានឆ្នាំ២០១៨ (18th TELSOM) ផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩ និងបានអនុម័តផែនការការងារលើកិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ និងសហភាពទូរគមនាគមន៍អន្តរជាតិ។
នៅក្នុងបេសកកម្មនេះ ប្រតិភូកម្ពុជាក៏បានជួបពិភាក្សាទ្វេភាគីជាមួយប្រទេស និងវិស័យឯកជនមួយចំនួនដើម្បីស្វែងរកនូវកាលានុវត្តភាពវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមានកិច្ចពិភាក្សាការងារជាមួយប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម ជំនួបជាមួយឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងជំនួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានផងដែរ។ នៅក្នុងជំនួបទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវពីបច្ចុប្បន្នភាពនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងស្វាគមន៍ការមកបណ្តាក់ទុនវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីជម្រុញការរីកចម្រើនលើវិស័យនេះ បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។