កម្ពុជា នាំចេញ​ស្រូវ និង​អង្ករ ទទួលបាន​ចំណូល ៨៥០​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ ឆ្នាំនេះ​

​ភ្នំពេញ​៖ របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២​នេះ​បាន​បញ្ជាក់ថា នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​នាំចេញ​ស្រូវ និង​អង្ករ ទទួល​ចំណូល​ជិត​៨៥០​លាន​ដុល្លារ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រាប់​រយៈពេល ៣​ត្រីមាស​កើន​បាន​១០% ដែលមាន​បរិមាណ​សរុប​ចំនួន ៤៤៩ ៣២៥ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៨៦.៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២២ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​បាន​ចំនួន ៤៤៩ ៣២៥​តោន ទៅកាន់​គោលដៅ​ចំនួន​៥៥​ដែល​ក្នុងនោះ ប្រទេស​ចំនួន​៩​បាន​គ្របដណ្តប់​លើ​ទីផ្សារ​នាំចេញ​កម្ពុ​ជាជាង ៨២% ដែល​រួមមាន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​៤៤.០៩% ប្រទេស​បារាំង​១៤.៨៣% ប្រ​ទេ​ម៉ាឡេស៊ី ៥.៥៨% ប្រទេស​ហូ​ឡង់ ៤.៦៥% ប្រទេស​អ៊ីតាលី ២.៦៥% ប្រទេស​ហ្កា​ប៊ុង​២.៦៣% ប្រទេស​ព្រុយ​ណេ​២.៤៤% ចក្រភព​អង់គ្លេស ២.៤៥% និង​ប្រទេស​អាល្លឺម៉ង់ ២.០៨%​។​

​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​ចំនួន ៣៩% ឬ ១៧៧ ៤៨១​តោន អង្ករ​សែន​ក្រអូប​ចំនួន​ជិត​២៩% ឬ​១២៨ ៧៥៣​តោន អង្ក​រស​គ្រាប់​វែង​ចំនួន​ជិត ២៨% ឬ ១២៣ ៣១៨​តោន អង្ករ​ចំហុយ​ជាង ២% ឬ ១០ ៦៨០​តោន អង្ករ​សរីរាង្គ​ចំនួន​ជិត ២% ឬ ៨ ១០៦​តោន​។​

​ដោយឡែក ស្រូវ​បាន​ចំនួន ២,៣៥៧,៦៧៤ តោន​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជា ៥៦៣.៥៤ លាន ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​នាំចេញ​វ​ចេញទៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២២៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close