ក្នុងឆ្នាំ២០២១! ពលរដ្ឋ​កម្ពុជា ជាង​៨​ម៉ឺន​នាក់ ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺផ្លូវចិត្ត

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ខ្លួន​បានដាក់​ឲ្យ​ដំណើរការ​សេវា​ពិនិត្យ​ព្យាបាល​ជំងឺផ្លូវចិត្ត មាន​កម្រិត​ឯកទេស​នៅតាម​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរពេទ្យបង្អែក​រាជធានី​/​ខេត្ត បាន​ចំនួន​១០​កន្លែង និង​កម្រិត​មូលដ្ឋាន នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ស្រុក ចំនួន​៩៧​កន្លែង និង​កម្រិត​បឋម​នៅតាម​មណ្ឌល​សុខភាព​ចំនួន ៣៥៥​កន្លែង​។​

​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន ដែល​ទទួលបាន​ស្ដីពី ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ចំពោះ​ការប្រើប្រាស់​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ សម្រាប់​ឆ្នាំ​២០២១ មាន​ចំនួន​សរុប​៨៧,២៨៤​នាក់ (​ប្រុស​៣៦,៦៣១​នាក់ និង​ស្រី ៥០,៦៥៣​នាក់​) ក្នុងនោះ​រួមមាន​៖

* សេវា​ពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ មាន​ចំនួន​៨២,៩៦៤​នាក់ (​ប្រុស ៣៥,០៥០​នាក់ និង​ស្រី ៤៧,៩១៤​នាក់​)
* សេវា​សម្រាក​ពេទ្យ មាន​ចំនួន​៤,៣២០​នាក់ (​ប្រុស ១,៥៨១​នាក់ និង​ស្រី ២,៧៣៩​នាក់​)​។​

​ក្នុងឱកាស​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក ១០​តុលា ២០២២​នេះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​បុគ្គល​គ្រប់រូប​ទាំង​កុមារ​មនុស្សពេញវ័យ និង​មនុស្ស​ចាស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ឲ្យ​បានល្អ ក៏ដូចជា​សុខភាព​ផ្លូវកាយ​ដែរ​។ ការ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ នាំ​ឲ្យ​គ្រួសារ​មាន​សុភមង្គល និង​មាន​សុខដុម​នីយកម្ម​ក្នុង​សហគមន៍​។ ការ​មាន​សុខភាព​ផ្លូវ​ចិត្តល្អ នាំ​ឲ្យ​មាន​ធនធានមនុស្ស​ល្អ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ សូមកុំ​រើសអើង និង​ម៉ាក់​ងាយ​អ្នកជំងឺ​ផ្លូវចិត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close