វេណេហ្ស៊ុយអេឡារងការវាយប្រហារដោយគ្រោះទឹកជំនន់ ស្លាប់២៥នាក់និងបាត់ខ្លួនជាង ៥០នាក់
ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅតំបន់ភាគកណ្តាលនៃប្រទេសវេណេហ្ស៊ុយអេឡា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់២៥នាក់ហើយ និង ជាង ៥០នាក់បាត់ខ្លួន។
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា «យើងបានទទួលរងការខាតបង់យ៉ាងខ្លាំងទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ នៅពេលនេះមានមនុស្ស ២៥នាក់ស្លាប់និងជាង ៥០នា់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរក ។
លោកស្រី Delcy Rodriguez បានប្រាប់ថា ទឹកភ្លៀងដែលមានបរិមាណស្មើនឹង កម្រិតទឹកភ្លៀងធម្មតាជាមធ្យមសម្រាប់រយៈពេល១ខែ គឺបានធ្លាក់ក្នុងរយៈពេលត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយទឹកជំនន់បានហូរនាំដើមឈើធំៗ ដីភក់ និងកម្ទេចកម្ទីផ្សេងៗ ពីតំបន់ភ្នំនៅក្បែរខាង ចូលទៅក្នុងក្រុង Tejerias ដែលនៅចម្ងាយជិត៧០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីការ៉ាកាស់ ហើយបង្កឱ្យអាជីវកម្មនិងផ្ទៃដីស្រែចម្ការនៅទីនោះ ទទួលរងការខូចខាត។
លោកស្រី រ៉ូឌ្រីហ្គេស បានបន្តថា អាទិភាពនាពេលនេះ គឺផ្តោតលើការស្វែងរកប្រជាជន ដែលនៅជាប់ខ្លួនក្រោមល្បាប់ភក់និងដុំថ្ម នៅក្នុងក្រុង តេចេរីយ៉ាស់ ខណៈកងកម្លាំងយោធា និងបុគ្គលិកផ្នែកជួយសង្គ្រោះ កំពុងរុករកអ្នករស់រានមានជីវិត នៅតាមបណ្តោយច្រាំងទន្លេដែលជន់លិច។ រីឯប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសដាក់កន្លែងរងគ្រោះខ្លាំងជាងគេនេះ ជាតំបន់គ្រោះមហន្តរាយ រួមជាមួយការកាន់ទុក្ខរយៈពេល៣ថ្ងៃ។
មកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុបកើនដល់យ៉ាងតិច៤០នាក់ហើយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយសារតែការធ្លាក់ភ្លៀង បង្កឡើងដោយបាតុភូតអាកាសធាតុ ឡា នីណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។