ក្រុមហ៊ុនរ៉ែមាសនៅខេត្តក្រចេះ គ្រោងផលិតមាសឱ្យបាន៦០គីឡូត្រឹមបំណាច់ឆ្នាំនេះ

តំណាងក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាស Xing Yuan Kanng Yeak Co., Ltd ​(ហ្ស៊ីង យ៉ាំន កាំង់ យ៉ាក ) នៅខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនគ្រោងផលិតមាសឱ្យបាន៦០គីឡូក្រាម ត្រឹមបំណាច់ឆ្នាំ២០២២នេះ។ ការលើកឡើងរបស់តំណាងក្រុមហ៊ុនបែបនេះ ធ្វើឡើងនៅពេលឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចុះមើលដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុនខាងលើ កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

តំណាងក្រុមហ៊ុនអាជីវកម្មរុករករ៉ែមាស Xing Yuan Kanng Yeak Co., Ltd​(ហ្ស៊ីង យ៉ាំន កាំង់ យ៉ាក )បានឱ្យដឹងថា ក្រុមហ៊ុន បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួន ដែលក្នុងនោះបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩% ។ តាមគម្រោងសាកល្បងរយៈពេល៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ហើយបើគិតដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងផលិតឱ្យបានចំនួន ៦០គីឡូក្រាម។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd  ​(ហ្ស៊ីង យ៉ាំន កាំង់ យ៉ាក ) ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែនិងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុននេះ បានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close