ផ្ទះប្រជាពលរដ្ឋជាប់ស្ទឹងព្រែកត្នោតជាង១៣០ខ្នង ស្ថិតនៅក្នុងខណ្ឌដង្កោកំពុងរងការជន់លិច
ប្រជាពលរដ្ឋនៅជាប់ដងស្ទឹងព្រែកត្នោត និងនៅផ្នែកខ្លះនៃខណ្ឌដង្កោ កំពុងមានការព្រួយបារម្ភចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោត ខណៈលំនៅឋានប្រជាពលរដ្ឋចំនួន១៣៤ខ្នង ដែលរស់នៅជាប់នឹងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលមានសង្កាត់ចំនួន៥ គឺសង្កាត់គងនយ, សង្កាត់ព្រៃវែង, សង្កាត់សាក់សំពៅ,សង្កាត់ស្ពានថ្ម,សង្កាត់ព្រៃស និងសង្កាត់ជើងឯក កំពុងរងការជន់លិច។
ប្រជាពលរដ្ឋប្រមាណ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព បានលើកឡើងថា ស្ថានភាពកម្ពស់ទឹកនាពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូច្នេះ ពួកគាត់អាចជញ្ជូនអីវ៉ាន់ របស់របរទាន់ពេលវេលា ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន ខណៈអាជ្ញាធរខណ្ឌដង្កោនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតជាប់ជានិច្ច។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកំពុងបន្តមើលស្ថានភាពទឹក ក្រោមការជូនដំណឹង ជាប្រចាំពីអាជ្ញាធរសង្កាត់ និង បង្កើនការការពារសុវត្ថិភាព ជាពិសេសសុវត្ថិភាពក្មេងៗ។ កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែពុំទាន់មានការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ ដោយសារទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់ខ្ពស់ជាងមុន។
បើតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល សម្រាប់បណ្តាខេត្តនៅភាគខាងលើ និង ភាគពាយ័ព្យ អាចមានភ្លៀងក្នុងកម្រិតតិច ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។