ក្រុមហ៊ុន​ធំ​ចំនួន​២ បន្ដ​ចុះកិច្ចសន្យា​បញ្ជា​ទិញស្រូវ​សរីរាង្គ​ពី​ខេត្តព្រះវិហារ ២ ៥០០​តោន​ទៀត ក្នុង​រដូវ​ប្រមូល​ផល ឆ្នាំ​២០២២​នេះ​

​ខេត្តព្រះវិហារ​៖ ក្រុមហ៊ុន​ធំ​ចំនួន​២ រួមមាន​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យស៍ និង​ក្រុមហ៊ុន ស៊ី​កនេ​ត​ឈ័​រ អ​ហ្វ អេ​ស៊ា បាន​បន្ដ​ចុះកិច្ចសន្យា​បញ្ជា​ទិញស្រូវ​សរីរាង្គ ពី​កសិករ​សហគមន៍​ចំនួន​១០ ក្នុង​ខេត្តព្រះវិហារ ក្នុង​បរិមាណ ២៥០០​តោន​បន្ថែមទៀត ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​២០២២​នេះ តាមរយ​:​យន្ដការ ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា សម្រាប់​កែច្នៃ​វេច​ខ្ចប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។

​កិច្ចសន្យា​នេះ ធ្វើឡើង​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត ព្រះវិហារ អមដំណើរ​ដោយ​ឯកឧត្តម អ៊ុក គឹម​សាន្ដ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលា ខេត្ត លោក លោកស្រី តំណាង​ក្រុមហ៊ុន​ទាំងពីរ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អង្គការ​ដៃគូរ​អភិវឌ្ឍន៍ កសិករ និង​តំណាង​សហគមន៍​ទាំង​១០ រួម​និង​មន្ដ្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​ជាច្រើនរូប​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close