វៀតណាម​៖ តម្លៃ​សាំង​ឡើងថ្លៃ​លើកដំបូង ក្រោយ​ធ្លាក់ចុះ​ជិត ៣​ខែ​

​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត ៣​ខែ តម្លៃ​សាំង RON95 នៅ​វៀតណាម បាន​កើនឡើង ២.៦% បន្ទាប់ពី​អ្នកលក់​រាយ​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀតថា តម្លៃ​លក់រាយ​ទាប​ធ្វើឱ្យ​ពួកគេ​លក់​ដោយ​ខាតបង់​។​

​ចាប់ពី​ម៉ោង ៣ រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែតុលា សាំង RON95 ត្រូវបាន​លក់​ក្នុងតម្លៃ ២២០០០​ដុង (០.៩២ ដុល្លារ​) ក្នុង​មួយ​លីត្រ ដោយ​បញ្ចប់​ខ្សែសង្វាក់​នៃ​ការថយចុះ ប្រាំបួន​ដង ជាប់ៗ​គ្នា​។ ឥឡូវនេះ តម្លៃ​សាំង​បាន​ស្ថិតនៅក្នុង​កម្រិត​ដូចគ្នា​ទៅនឹង​ខែធ្នូ​ឆ្នាំមុន​។ តម្លៃ​ជីវ​ឥន្ធនៈ E5 RON92 បាន​កើនឡើង ២.៧% ដល់ ២១២៩០ ដុង​។​

​តម្លៃ​ប្រេងម៉ាស៊ូត​បាន​កើនឡើង ៨.៨% ដល់ ២៤១៦០​ដុង​ក្នុង​មួយ​លីត្រ ដោយ​ត្រឡប់​ទៅ​កម្រិត​ដែល​បាន​កត់ត្រា ក្នុង​ខែមេសា​។ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​ក្រសួង​ហិរញ្ញវត្ថុ​បានទទួល​ស្គាល់​ថ្លៃ​ដឹកជញ្ជូន​ឥន្ធនៈ​ខ្ពស់ កាលពី​ថ្ងៃ​អង្គារ ឆ្លុះបញ្ចាំង​ពី​តម្លៃ​លក់រាយ​។ វា​បាន​កើនឡើង ១៦% សម្រាប់ E5 RON92 និង ៣៣% សម្រាប់ RON95​។​

​ការកើនឡើង​តម្លៃ​នេះ​បាន​កើតឡើង​នៅពេលដែល​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន ១២១ នៅ​ទីក្រុង​ហូជីមិញ អស់​ប្រេងឥន្ធនៈ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ខណៈដែល​តំបន់​ភាគខាងត្បូង​ផ្សេងទៀត​ដូចជា Binh Duong, Dong Nai, Binh Phuoc, Kien Giang និង An Giang ក៏​កំពុង​កត់ត្រា​ការខ្វះខាត​ការផ្គត់ផ្គង់​ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​និយាយថា កង្វះខាត​សាំង​មិន​រីក​រាលដាល​ទេ ដោយសារ​មាន​ស្ថានីយ៍​ប្រេងឥន្ធនៈ​សរុប​ចំនួន ១៧,០០០​កន្លែង​ក្នុងប្រទេស ហើយ​មានតែ​ជាង ១០០​ប៉ុណ្ណោះ​ដែល​កំពុង​ខ្វះខាត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close