សប្ដាហ៍​ដើម ខែតុលា​នេះ​! កម្ពុជា ទទួលភ្ញៀវ​ជាង ៣៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​នា​ថ្ងៃទី​៨-៩ ខែតុលា ឆ្នាំ​២០២២ មាន​ចំនួន​សរុប​៣៧៤,៨៩៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៣៥២,៨៨៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​២២,០១១​នាក់​។ ​តួលេខ​ខាងលើ​មានការ​កើនឡើង​២៤.៨% ប្រសិនបើ​ធៀប​នឹង​សប្តាហ៍​ធម្មតា​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គឺ​បាន​ទាក់ទាញ​ចរន្ត​ភ្ញៀវទេសចរ​ឱ្យទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ ដែលមាន​ចំនួន​ដល់​ទៅ​១២៨,៣០៧​នាក់​។ គួរ​ជម្រាប​ថា ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​១-៣១ ខែតុលា ឆ្នាំ​២០២២ ដោយ​មិនមាន​ការបង់ប្រាក់ និង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ពិសេស​ការរៀបចំ​ឆ្នេរ​ខ្សាច់​កម្សាន្ត និង​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្រៅពីនេះ​មាន​គោលដៅ​ខេត្តបាត់ដំបង​៨៨,៨៦៨​នាក់ ខេត្តកំពង់ចាម​៤៧,៤៥៨​នាក់ ខេត្តសៀមរាប​២៣,៦៦៥​នាក់ រាជធានី​ភ្នំពេញ​១៧,០៤៥​នាក់ និង​ខេត្តកំពត​១៤,៤១៦​នាក់​។ រាជធានី​-​ខេត្ត​ទាំង​៦​នេះ​សុទ្ធតែជា​គោលដៅ​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ នា​សប្ដាហ៍​ដើមខែ​តុលា​ឆ្នាំ​២០២២​នេះ​។​

​អនុវត្តតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល បណ្តា​ខេត្ត​មួយចំនួន​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ​បានរៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​ក្នុង​ខេត្ត ហើយ​ខេត្ត​ខ្លះទៀត​បាន​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ទៅតាម​ពេលវេលា​សមស្រប និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​៩-១០ ខែតុលា​នេះ ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ចេញ​ព្រះវស្សា​នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង អម​ជាមួយ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​មួយចំនួនទៀត ដែល​បា​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​បណ្តា​ខេត្ត​ជិតខាង​ឱ្យទៅ​កម្សាន្ត​ជាច្រើន​ផងដែរ​។​

​ទន្ទឹមនឹងនេះ បណ្តា​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គណៈបញ្ជាកា​ឯកភាព​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ទឹកជំនន់​ក្នុង​មូលដ្ឋាន​ខ្លួន ការចុះ​ចែក​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ រួមជាមួយ​ការដាក់ចេញ​វិធានការ​សង្គ្រោះ​ក្នុងករណី​បន្ទាន់​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close