ក្រសួងអប់រំ ប្រកាសព័ត៌មាន ស្ដីពីការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិចំនួន៣៨ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកស្នេហាវិស័យកីឡាទាំងអស់មេត្តាជ្រាបថា៖ ក្រសួងនឹង រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសា៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។
ពិធីបើកការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៨:០០នាទី និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅពហុ កីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងគោលបំណង៖
– ផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឱ្យ អនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍
– កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត
– រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់
– រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដារហ្គេម
– ជាការសាកល្បងចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននេះចាត់ទុកជាការជូនដំណឹងដល់ឯកឧត្តមលោកជំទាវ លោក លោកស្រីសាធារណជន និងបណ្តាសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ដើម្បីចូលរួមគាំទ្រ និងទស្សនាការប្រកួតខាងលើនេះ ឱ្យបានច្រើន កុះកររួមចំណែកលើកស្ទួយវិស័យកីឡារបស់យើងឱ្យកាន់តែផុលផុសថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។