ភ្ញៀវទេសចរ ​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ក្រោយពេល​បាន​ឆ្លងកាត់​ស្ពាន​ថ្មី​ ចូល​ទស្សនា​ប្រាសាទនាគព័ន្ធ​

ស្ពាន​ថ្មី​នៅ​ប្រាសាទនាគព័ន្ធ​បានចាប់ផ្តើម​បើក​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ឆ្លងកាត់ ចូលទៅ​ទស្សនា​ប្រាសាទនាគព័ន្ធ ជាពិសេស​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៅលើ​ផ្ទៃ​ទឹក នៃ​បារាយណ៍​ជ័យ​ត​ដាក ឬ​នាគព័ន្ធ (​បារាយណ៍​ខាងជើង​)​។​

​លោក វិចិត្រ ប្រជាពលរដ្ឋ​មកពី​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​រូបលោក​បាន​នាំ​ក្រុមគ្រួសារ ចូលមក​ទស្សនា​ប្រាសាទនាគព័ន្ធ ដោយសារ​ធ្វើដំណើរ​ឆ្លងកាត់ បានឃើញ​ស្ពាន​ថ្មី​មួយ ទើបតែ​សាង​សាង​រួចរាល់ មាន​រូបរាង​ស្រស់ស្អាត ទើប​ចាប់ចិត្ត​ចង់​ចូល​ទស្សនា​ទិដ្ឋភាព​នៅទីនេះ​។ លោក​បន្តថា នៅពេល​បាន​ឆ្លងកាត់​លើ​ស្ពាន​ថ្មី​នេះ ពិតជា​មិន​ខកបំណង​ឡើយ ព្រោះ​មាន​ទេសភាព​ស្រស់ស្អាត ផ្ទៃ​ទឹក​ខៀវស្រងាត់ ព្រមជាមួយ​សត្វ​ស្លាប​ហោះហើរ​ឆ្លងកាត់​ព្រោងព្រៀត​ជាទី​ចាប់អារម្មណ៍​សម្រាប់អ្នកទេសច​រ​។​

​ចំណែក​លោក​សេង គុណ ប្រជាពលរដ្ឋ​មកពី​ស្រុក​ប្រាសាទបាគង បាន​បង្ហាញថា ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​ការជួសជុល​ស្ពាន​ថ្មី នៅមុខ​ប្រាសាទនាគព័ន្ធ​បាន​រួចរាល់ ហើយ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ឆ្លងកាត់​ហើយ​នោះ លោក​ក៏បាន​សម្រេចចិត្ត​មក​ទស្សនា​ប្រាសាទនាគព័ន្ធ​។ ក្នុងនោះ​លោក​សង្កេតឃើញ ស្ពាន​ថ្មី​នេះ​មាន​ភាពរឹងមាំ ស្រស់ស្អាត និង​ធំ​ទូលាយ​ជាង​មុន​។ លោក​ក៏​រំពឹងថា និង​មាន​ភ្ញៀវទេសចរ​មក​ទស្សនា ប្រាសាទនាគព័ន្ធ​នេះ​កាន់តែច្រើន​ថែមទៀត​។
​លោក​សេង គុណ ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ស្ថាបនា​ស្ពាន​ថ្មី​នេះ ក៏ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត សាក​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​គួររំឭកថា បារាយណ៍​ជ័យ​ត​ដាក ឬ​នាគព័ន្ធ (​បារាយណ៍​ខាងជើង​) ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អស់​រយៈកាល​ជិត​មួយ​ពាន់​ឆ្នាំ​មកហើយ បារាយណ៍​នេះ មាន​បណ្តោយ​៣៦០០​ម៉ែត្រ និង​ទទឹង​៩៣០​ម៉ែត្រ ។​
​ដោយ​សារភាព​រីងស្ងួត​អស់កាល​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ឆ្នាំ​២០០៥ អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម ការងារ​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​ឡើងវិញ មាន​ទំនប់ និង​ប្រឡាយ​បង្ហូរទឹក ដើម្បី​អាច​រក្សា​ទឹក​ក្នុង​បារាយណ៍​បាន ហើយ​នៅក្នុង​ឆ្នាំ​២០០៧ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បង្ហូរទឹក​ចូលមក ធ្វើឱ្យ​បារាយណ៍​ជ័យ​ត​ដាក មានជីវិត​សារជាថ្មី​ម្តងទៀត​។​
​បច្ចុប្បន្ន​បារាយណ៍​នេះ បាន​ដើរតួ​យ៉ាងសំខាន់ ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ដល់​មនុស្ស ក្នុង​រាជធានី​អង្គរធំ នាគព័ន្ធ និង​នៅ​ប្រាសាទព្រះខ័ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close