សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន លើក​ទី​២

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០២២​នេះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២​។​

​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ការកសាង​អនាគត​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​កាន់តែ​រឹងមាំ​៖ បំផុស​សហគ្រិន​ស្ត្រី​នៅក្នុង​អាស៊ាន​»​។  ​កិច្ចប្រជុំ​នឹងធ្វើ​ឡើង​ក្រោម​ទម្រង់​កូនកាត់​ដោយមាន​អ្នកចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​។ ក្នុងនោះ​អ្នកចូលរួម​ដោយផ្ទាល់​មាន​ប្រមាណ ៣០០​នាក់ និង​តាម​ប្រព័ន្ធ​វីដេអូ​ប្រមាណ ៥០០​នាក់ នៅ​វិមាន​សន្តិភាព​។​ ​លោក លឹម ចុក​ហយ អគ្គលេខាធិការ​អាស៊ាន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ​ដោយផ្ទាល់​នៅ​វិមាន​សន្តិភាព​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​បើក​កិច្ចប្រជុំ​។ លោកស្រី យ៉ា​ស៊ីន​ដា អា​ដែន នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​, លោកស្រី ផេ​នី វង់ សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី និង​លោកស្រី វី​គី ហ្វ័​ដ ទេសរដ្ឋមន្ត្រី​កិច្ចការ​អភិវឌ្ឍ​នៃ​ក្រសួងការបរទេស​អង់គ្លេស បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ផងដែរ មុន​ឈានដល់​កិច្ចពិភាក្សា​ចង្អៀត​។​

​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​១ ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​២០២០​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​មោទនភាព​ចំពោះ​ការ​បាន​ធ្វើជា​ប្រធាន​អាស៊ាន និង​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២​។​

​ផ្អែកទៅលើ​ប្រធានបទ​ដែល​បាន​ដាក់ចេញ​ក្នុង​សុន្ទរកថា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ពី​តួ​នា​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុងការ​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​សង្គម ជាពិសេស​ការជំរុញ​កំណើនសេដ្ឋកិច្ច​។​

​សម្តេច​តេ​ជោ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​ស្ត្រី​ក្នុង​សហគ្រិនភាព ជាពិសេស​នៅតាម​ទីជនបទ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​កិច្ចការ​ចាំបាច់​មួយចំនួន ដែល​គួរ​យក​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក៏ដូចជា​បំផុស​សក្តានុពល​សហគ្រិន​ស្ត្រី និង​បង្ក​ភាពងាយស្រួល​ក្នុងការ​ចាប់យក​នូវ​កាលានុវត្តភាព និង​សក្តានុពល​ថ្មីៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close