ការប្រឈមមុខតានតឹង រវាងរុស្ស៊ីនិងលោកខាងលិចកាន់តែខ្លាំងឡើង សង្គ្រាមលោកលើកទី៣ កាន់តែខិតជិត
នៅពេលនេះរុស្ស៊ីនិងណាតូ កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយពេលណាតូផ្តល់ជំនួយអាវុធជាច្រើនដល់អ៊ុយក្រែន ខណៈរុស្ស៊ីបង្កើនការវាយប្រហារ ។ ក្នុងពេលនេះដែររុស្ស៊ីបានព្រមានថា នឹងមានសង្គ្រាមទ្រង់ទ្រាយធំ ក្លាយជាសង្គ្រាមលោក ប្រសិនបើ អ៊ុយក្រែនចូលជាសមាជិកណាតូនោះ។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Alexander Venediktov បានប្រកាសថា ប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនោះ សង្គ្រាមលោកលើកទីបីនឹងកើតឡើងជាមិនខាន ហើយប្រទេសសម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកបានដឹងយ៉ាងច្បាស់ពីករណីនោះ។
កាលពីចុងខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកបានជំរុញសុំចូលជាសមាជិកណាតូឱ្យបានឆាប់បំផុត ។ សកម្មភាពខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេលដែលប្រធានាធិបតីរុស្ស៊ី រៀបចំពីធីដាក់បញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅឈានទៅដល់សង្គ្រាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិចថា តាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេគឺជាភាគីផ្ទាល់នៃជម្លោះ។
ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺការដាក់ពាក្យជាផ្លូវការដើម្បីសុំចូលជាសមាជិករបស់បក្ខសម្ព័ន្ធយោធាណាតូ បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ធ្វើពិធីប្រកាសដាក់បញ្ចូលទឹកដីចំនួន៤ផ្នែករបស់អ៊ុយក្រែនជាទឹកដីរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។