គយ ពន្យារពេល​បង់ពន្ធ និង​អាករ​លើ​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ដល់​អស់លោក លោកស្រី សាធារណជន​ឱ្យបាន​ជ្រាបថា ដោយ​ពិនិត្យឃើញ​ពី​ស្ថាន​ភាពលំបាក​ក្នុង​រដូវវស្សា​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម របស់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​បានមក​ចុះបញ្ជី​រួច ប្រមុខ​រាជរដ្ឋាភិបាល​បានផ្ដល់ ការអនុញ្ញាត​ពន្យារពេល​ជូន​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ដែល​បាន​ចុះបញ្ជី​រួចមក បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​រហូតដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២​។​

​ក្នុងន័យនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សូម​រំលឹក​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ដែល​បាន​ចុះបញ្ជី​រួច ប៉ុន្តែ​នៅ​មិនទាន់​បានមក បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ ឱ្យប្រញាប់​រួសរាន់​ចូលមក​បង់ពន្ធ​និង​អាករ​នៅតាម​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ រាជធានី​-​ខេត្ត ដែល​សាមីខ្លួន​បាន​ចុះបញ្ជី​រថយន្ត​របស់ខ្លួន ឱ្យបាន​តាម​ការកំណត់​ដូច​បាន​ជម្រាបជូន​ខាងលើ ជា​កំហិត ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​តាម​ដងផ្លូវ ការដ្ឋាន អាជីវ​កម្មដ្ឋាន និង​តាម​ទីកន្លែង​សា​ធា​រណះ​ជាយថាហេតុ​។​

​ក្រោយ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្ដាំ​បាន​ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ​គឺជា មុខសញ្ញា​នៃ​ការបង្ក្រាប​រឹបអូស ដោះ​ជា​គ្រឿងបន្លាស់ ឬ​កំទេចចោល​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​ពុំមាន​ការអនុគ្រោះ​ទៀតឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close