ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំ​រុញឱ្យ​បញ្ចប់​គម្រោង​សិក្សា​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្ដុភារ​កម្ម​ទន្លេបាសាក់ នៅត្រឹម​ខែមករា ឆ្នាំ​២០២៣!

​ភ្នំពេញ​៖ នា​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​សិក្សា​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្ដុភារ​កម្ម​ទន្លេបាសាក់ ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) និង​ជំនាញការ​របស់​ក្រុមហ៊ុន CCCC Water Transport Consultant ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ស្វែងរក​ដំណោះស្រាយ​លើ​កិច្ចការ​បច្ចេកទេស​សំខាន់ៗ​មួយចំនួន​ដែល​ស្នើឡើង​ដោយ​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង ដើម្បី​ជួយ​ជំរុញ​ល្បឿន​នៃ​ការសិក្សា​នេះ​ឱ្យបាន​លឿន និង​អាច​បញ្ចប់​នាពេល​ដ៏​ខ្លី​ខាងមុខ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ទទួលបាន​ល​ទ្ធ​ផល​គ្រប់​ជ្រុងជ្រោយ​តាម​ផែន​ការដែល​បាន​រំពឹងទុក​។

​សូម​គូសបញ្ជាក់​ផងដែរ​ថា​៖ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្ដុភារ​កម្ម​ទន្លេបាសាក់​នេះ នឹង​ជួយ​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែម​មួយកម្រិត​ទៀត ជាពិសេស​អាចជួយ​កាត់បន្ថយ​ការចំណាយ និង​ថ្លៃដើម​នៃ​ការដឹកជញ្ជូន​ឱ្យ​កាន់តែ​ទាប​ជាង​មុន ព្រមទាំង​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការធ្វើសមាហរណកម្ម​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ផ្ទៃក្នុង​ប្រទេស​ផង និង​អា​ចត​ភ្ជាប់​ជាមួយ​អន្តរជាតិ​បាន​កាន់តែ​ងាយស្រួល​ផងដែរ​។

​ភាគី​ទាំង​ពីរបាន​ពិភាក្សា​យ៉ាង​ផុសផុល និង​ផ្លាស់ប្ដូរ​មតិយោបល់​លើ​ទិន្នន័យ និង​ព័ត៌មាន​ទាក់ទង​នឹង​ការងារ​បច្ចេកទេស​ផ្លូវទឹក ការសិក្សា និង​ការវាយតម្លៃ​ចាំបាច់​លើ​ផ្នែក​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច ផងដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​ភាគី​ក្រុមហ៊ុន​ទាំងពីរ​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការសិក្សា​បច្ចេកទេស​លម្អិត​ឱ្យមាន​គុណភាព​ខ្ពស់ និង​ត្រូវ​សហការ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង ដើម្បី​ព​ន្លឿ​ន​គម្រោង​សិក្សា​នេះ​ឱ្យបាន​ចប់សព្វគ្រប់ និង​គ្រប់​ជ្រុងជ្រោយ​យ៉ាងយូរ​ត្រឹម​ខែមករា ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close