៩​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​កង់​ទទួល​ចំណូល​ជិត ៧០០​លាន​ដុល្លារ

​ភ្នំពេញ​៖ តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា រយៈពេល​៩​ខែ ពោល​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្ពុជា រកចំណូលបាន​ជិត​៧០០​លាន​ដុល្លារ​អាមេរិក ពី​ការនាំចេញ​កង់​។

​ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ប្រទេស​សំខាន់ៗ ដែល​កម្ពុជា នាំចូល​កង់ មាន​៖ អាមេរិក​, អង់គ្លេស​, សហភាព​អឺរ៉ុប​, កាណាដា​, អាស៊ាន​, ជប៉ុន​, ចិន​, កូរ៉េ​។​

​ដោយឡែក ទីផ្សារ​គោលដៅ​ដែល​កម្ពុជា នាំចេញ​រួមមាន​៖ សហរដ្ឋអាមេរិក​, អាល្លឺម៉ង់​, ចក្រភព​អង់គ្លេស​, ជប៉ុន​, ចិន​, អាស៊ាន​, ប៊ែ​ល​ហ្ស៊ិ​ក​, ហូ​ឡង់​, អូទ្រីស​, ស៊ុយអែត​, ដា​ណឺ​ម៉ាក​, អូស្ត្រាលី​, សាធារណរដ្ឋ​ឆែក​, អ៊ីតាលី​, កូ​ឡុំ​ប៊ី​, សាធារណរដ្ឋ​កូរ៉េ​, អេ​ស្ប៉ា​ញ​, ស្លូ​វេ​នី និង​កាណាដា ជាដើម​។​

​ឯកឧត្តម ស៊ា​ង ថៃ បាន​លើកឡើងថា មូលហេតុ​នៃ​កំណើន ការនាំចេញ​កង់​របស់​កម្ពុជា​៖ ការ​ថមថយ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក​, តម្រូវការ​ប្រើប្រាស់​មាន​ការកើនឡើង​ដូចជា ត្រូវការ​កង់​ជិះ​ហាត់ប្រាណ​, ការខិតខំ​ទាក់ទាញ​អ្នកបញ្ជា​ទិញ និង​ការផ្សព្វផ្សាយ​របស់​ក្រសួង ស្ថាប័ន​ជាពិសេស​ក្រសួងពាណិជ្ជកម្ម​, កេរ្តិ៍ឈ្មោះ​កម្ពុជា​-​មាន​អ្នក​ស្គាល់​កាន់តែច្រើន និង​ការផលិត ការផ្គត់ផ្គង់​ទំនិញ​បាន​ទាន់ពេលវេលា​។​

​គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ សម្រាប់​ដំឡើង​កង់​ចំនួន​៥ រួមមាន​៖
* ទី​១៖ A AND J (CAMBODIA) CO.,LTD.
* ទី​២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី​៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី​៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី​៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD​។​

​ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ាន ក្នុងការ​នាំចេញ​កង់ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូ​ឡង់ និង​អាល្លឺម៉ង់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close