បញ្ឈរជើងមន្ត្រីចរាចរណ៍ម្នាក់ ក្រោយប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ លើពលរដ្ឋដែលបើកបរល្មើសច្បាប់
មន្ត្រីចរាចរណ៍ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ នៅគោលដៅផ្លូវជាតិលេខ៥ ត្រូវបានកោះហៅមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង។
បើយោងតាមទំព័រហ្វេសបុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញឃ្លឹបវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ពុត ធារី បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យទៅលើប្រជាពលរដ្ឋដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវជាតិលេខ៥ ការិយាល័យបុគ្គលិក នៃផែនការងារធនធានមនុស្ស បានធ្វើការកោះហៅឱ្យមន្ត្រីរូបនោះចូលខ្លួនដើម្បីសួរនាំ និងអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ។
ជាចុងបញ្ចប់ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជាព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហាទាំងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលនូវការរិះគន់ក្នុងន័យស្ថាបនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។